បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ស្លាប់ដោយសារ ជំងឺកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់ នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូល ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥ នាទីព្រឹក ។
នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត
មុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព។
សូមជម្រាបថា នៅថ្ងៃទី១០ មេសា នេះ រកឃើញអ្នកឆ្លងថ្មីចំនួន ៤៧៧នាក់ទៀត (សហគមន៍ទាំង ៤៧៧នាក់) និងជាសះស្បើយ ៩៦នាក់។ ក្នុងចំណោម ៤៧៧នាក់ គឺនៅភ្នំពេញមានចំនួន ៤៥៤នាក់ , ព្រះសីហនុ ៦នាក់ , កណ្ដាល ៤នាក់ , តាកែវ ៤នាក់ , ស្វាយរៀង ៤នាក់ , ព្រៃវែង ៣នាក់ , កំពង់ធំ ១នាក់ , សៀមរាប ១នាក់ ។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួ ៤០៨១ នាក់ , អ្នកជាសះស្បើយចំនួន ២០៨០ នាក់ , អ្នកកំពុងព្យាបាលចំនួន ១៩៧០ នាក់ និងអ្នកស្លាប់ចំនួន ២៦ នាក់៕