រដ្ឋបាលរាជធានី សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន ។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១បានឱ្យដឹងថា ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និង
ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវសេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ
សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេសការអនុវត្តសេចក្តីសម្រេចចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូច នៅតែបន្តបំពាគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។
ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព .ស.២៥៦៥ គ .ស២០២១ ដែល ខិតជិតចូលមកដល់នាពេលខាងមុខនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១.គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ។
២.ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរលក្ខណៈវេចខ្ចប់បាន។
៣.មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្ត តាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬ ម្ចាស់អាជីវកម្មដ្ឋាន ណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្ត វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។
ទទួលបានសេចក្តីណែនាំនេ៖ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន គណៈគ្រប់គ្រងផ្សារ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈ គ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃ សេចក្តីណែនាំនេរ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕