អាជ្ញាធររាជធានីភ្នំពេញ បិទខ្ទប់ភូមិមួយចំនួន នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ម៉ោងនេះពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ កំពុងឆ្លងរាលដាល នៅក្នុងភូមិសាស្ត្រ មាន៨ភូមិ ថ្មី .ទ្រា .ទ្រា១ .ទ្រា២ .ទ្រា៣.មានជ័យ. មានជ័យ១ .
មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ថ្នាក់ដឹកនាំបានបិតទាំងស្រុង នៅការធ្វើដំណើរចេញ ចូលកន្លែងដែលមាន ហានិភ័យ។
សូមឲ្យប្រជាពលរដ្ឋ នៅក្នុងផ្ទះ រៀងៗខ្លួង រយៈពេល១៤ថ្ងៃ ដើម្បី សុវត្ថិភាព របស់ប្រជាជន ។
សូមបងប្អូនប្រជាពលរដ្ឋ ទាំងចូលរួម នៅផ្ទះ១៤ថ្ងៃ ប្រសើរជាងនៅពេទ្យ ។
សាលារាជធានីភ្នំពញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តបិទខ្ទប់ភូមិចំនួន៣ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ភូមិទាំង៣ នោះរួមមាន៖ ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ភូមិ៣។
សាលារាជធានីភ្នំពេញ បានសម្រេចដូចខាងក្រោម៖
ប្រការ១៖ ត្រូវបានបិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ សម្រាប់រយៈពេល២ (ពីរ) សប្ដាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃ
ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ប្រការ២៖ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយ នូវលិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម។
ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការដោយ អាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរ)នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឲ្យលើសពី ២(ពីរ)ដង ក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។
ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាត ពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងដើម្បីទទូលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូទេព្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថានប័ន-អង្គភាព។
ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាព ដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ។
ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
ប្រការ៣៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។
ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ប្រការ៤៖ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវាសាធារណៈចាំបាច់ រួមមាន សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។
រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ។
សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។
ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្ថានីយប្រេងឥន្ធនៈ សេវាប្រៃសណីយ៍-ទូរគមនាគមន៍ ហាងលក់ទំនិញផ្សារ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការងារឲ្យនៅត្រឹមកម្រិតអប្បបរមា។
សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់។
សកម្មភាពការងារ មុខរបរ អាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្រៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕