ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ វាយសម្លាប់មិត្តស្រី

55

 

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ស្តីពីការបង្ក្រាបករណី ឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៧:៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញស្រ្តីជនជាតិខ្មែរម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ក្នុងគ្រលុកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុខាងលើ ជាលទ្ធផល ៖

មានសាកសពស្រី្តខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿងខោស្ព័រកីឡាជើងវែង មានស្លាកស្នាម អារក , ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ (សាកសពពុំស្គាល់អត្តសញ្ញាណ) ។

ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី សមត្ថកិច្ចយើងបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ ។ ការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០នាទី ។

ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ៖​ ខ្លួន​បាន​រួមរស់​ជាមួយ​ជន​រង​គ្រោះ​រយះ​ពេល​២​ឆ្នាំ​ហើយ​ ដោយ​មិន​បាន​រៀប​ការ​ទេ​ មូលហេតុ​ឈាន​ដល់​ការ​សម្លាប់​ជន​រង​គ្រោះ​នេះ​ ដោយសារ​ខ្លួន​និង​ជន​រង​គ្រោះ​ តែងតែមាន​ជម្លោះ​នឹង​គ្នា​សឹង​រាល់ថ្ងៃ​ ហើយ​ជន​រង​គ្រោះ​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​តិះដៀល​មក​លើ​ខ្លួន​ ។​ រហូត​ដល់​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​២២​និង​០០​នាទី​យប់​ ខ្លួន​បាន​បបួល​ជន​រង​គ្រោះ​ផឹកស៊ី​ រហូត​ដល់​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ ខ្លួន​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ ខណៈនោះ​ជន​រង​គ្រោះ​បាន​ប្រើស​ម្តី​ថា​ មុខ​ហ្អែ​ង​គ្មាន​ប្រាក់​នាំ​យើង​ដេក​ផ្ទះសំណាក់​ទេ​ មាន​តែ​ដេក​ក្នុង​ព្រៃ​ ។​ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ ដោយ​ទ្រាំ​នឹង​សម្តី​ជន​រង​គ្រោះ​មិន​បាន​ ខ្លួន​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ ប្រើ​ឧបករណ៍​សាក​ថ្ម​ វាយ​ក្បាល​,​ វាយ​ភ្នែក​ ,​ វាយ​មាត់​ ,​យកដៃ​ច្របាច់ក​ បណ្តាល​ឲ្យ​សន្លប់​ ហើយ​យក​ផ្លែ​ឡា​ម​ អារ​ករ​ហូត​ដល់​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​ រួច​បាន​រត់គេច​ខ្លួន​ ។​

​ករណី​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធី​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ៕

អត្ថបទដែលជាប់ទាក់ទង