ឃាត់ខ្លួនបុរសម្នាក់ ពីបទញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ
កំពង់ចាម ៖ បន្ទាប់ពីទទួលបានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ទទួលផែនការងារសន្តិសុខ ចាត់ឲ្យធ្វើការស្រាវជ្រាវរកមុខសញ្ញា ចំនួន០១នាក់ ឈ្មោះ មាន ពន្លក ហៅ បង តា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្ន ធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលសន្តិសុខ , ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរ ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផលដូចខាងក្រោម ៖
ជាលទ្ធផល ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ាង១១ និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនខាងលើ ដែលមានអត្តសញ្ញាណប័ណ្ណលេខ ០៦១៥៣៦៧៥៤ មានឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ភេទប្រុស កើតថ្ងៃទី០៦.០១.១៩៨៧ មានស្រុកកំណើត ឃុំផ្តៅជុំ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ , រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១ ។
បច្ចុប្បន្ន ឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីអនុវត្តតាមនីតិវិធី ៕