អភិបាលរាជធានីនាំយក អំណោយសម្ដេចតេជោ ចែកជូនដល់កម្មករ កម្មការីនីរោងចក្រ ប្រមាណ២ម៉ឺនគ្រួសារនៅសង្កាត់ចោមចៅទី១ ដែលត្រូវបានបិទខ្ទុបភូមិដ្ឋាននឹងជាបន្តបន្ទាប់
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការីនីរោងចក្រ
ប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន នឹងទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដើម្បីរំលែកការលំបាក ខណៈដែលពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួលដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។
នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រីចុះចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន១០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃអាទិត្យទី១១ មេសា នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋានដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ នេះ មានប្រមាណ២ម៉ឺនគ្រួសារ ហើយក្នុងចំនួននេះ យើងត្រូវចែកអំណោយជូនពួកគាត់ជាតំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ ។ ជាក់ស្តែងនៅរសៀលថ្ងៃនេះ យើងត្រូវចែកជូនពួកគាត់ចំនួន១០០០គ្រួសារ ហើយក្នុង១ពាន់គ្រួសារនេះ មិនមែនចែក១លើនោះដែរ ដោយត្រូវចែកជា៤លើក មានន័យថា ក្នុងមួយលើកត្រូវចែកត្រឹមតែ២៥០នាក់ប៉ុណ្ណោះ ដោយធ្វើការ ផ្លាស់ប្តូរគ្នា ដើម្បីរក្សាគម្លាតសុវត្ថិភាព ។ ថ្ងៃបន្តបន្ទាប់មកទៀតយើងនឹងបន្តចែកជូនបន្ថែមទៀត គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះទេ ។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូន អាជ្ញាធរធ្វើឡើងដោយការបង្ខំចិត្តទេ ដូច្នេះ សូមបងប្អូនមេត្តាយោគយល់ ពោះវាជាវិធានដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកក៏បានស្នើសុំផងដែរថា ចំពោះបងប្អូនដែលត្រូវបិទភូមិដ្ឋាននេះ សូមបងប្អូនកុំគួរធ្វើទំនាក់ទំនង ជជែកគ្នាលេង ផឹកស៊ីជុំគ្នា ឬសាកសួរសុខទុក្ខគ្នា ពីផ្ទះមួយទៅផ្ទះមួយអោយសោះ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
លោកឃួង ស្រេង បញ្ជាក់ដែរថា៖ អំណោយដែលត្រូវចែកជូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺន រៀល។
លោកបានបន្ដថា ៖សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួល ក៏ដូចជាតាមមណ្ឌលផ្សេងៗទៀត ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ៕