ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ទុកពេល​៣​ថ្ងៃ សម្រាប់​អ្នក​កើត​កូ​វីដ​ទាំង​៩​នាក់ នៅ​ភ្នំពេញ​មក​បង្ហាញខ្លួន បើ​មិន​ដូច្នេះ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​

65

 

(​ភ្នំពេញ​)៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ទៀត ក្នុងចំណោម​អ្នកជំងឺ​ទាំង​៥៦​នាក់ ដែល​រកឃើញ​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​កន្លង​ទៅនោះ បាននិងកំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្វែងរក​មិនទាន់​ឃើញ​នោះទេ គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​ជាមួយនឹង​វិធានការ​ចំពោះមុខ​ទៅលើ​បុគ្គល​ទាំង​៩​នាក់​នេះ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ទុកពេល​៣​ថ្ងៃ ឲ្យ​បុគ្គល​ទាំង​៩​នាក់​នេះ មក​បង្ហាញខ្លួន និង​ទាក់ទង​មក​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី​យកទៅ​ព្យាបាល តែបើ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ គិត​ចាប់ពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ នៅតែ​បន្ត​គេ​ស​វេស​ទៀត នោះអាជ្ញាធរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាមច្បាប់ រហូត​ចេញ​ដីកា​តាម​ចាប់ខ្លួន​តែម្តង​។​

​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​ដល់​បុគ្គល​ផ្សេងទៀត បើសិន​ដឹងថា​ខ្លួន​មាន​វិជ្ជមាន​កូ​វីដ​១៩ បន្ទាប់​អាជ្ញាធរ​ជូនដំណឹង ហើយ​នៅ​បន្ត​ដើរហើរ​រហេតរហូត​ទៀត​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ ដោយឡែក​សម្រាប់​អ្នក​ដែល​យក​សំណាក​រួច អាជ្ញាធរ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ឲ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ ហាម​ដាច់ខាត​ដើរចេញ​ក្រៅ រហូត​គ្រប់​១៤​ថ្ងៃ​ជាមួយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩​។​

​យោ​តាម​មាត្រា​៨ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បាន​ចែងថា​៖

* បទ​គេចវេះ​ពី​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ទៅ ២០ លាន​រៀល​។​
* បទ​គេចវេះ​ពី​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (​បើ​បាន​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​)​។​

​មាត្រា​១៣ បានចែង​ពី​ករណី​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួលខុសត្រូវ ឬ​ទទួល​ការ​សម្រាល ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ផងដែរ ដោយ​បញ្ជាក់ថា​៖

* ត្រូវ​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួលខុសត្រូវ ឬ​ទទួល​ការ​សម្រាល ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស (​ទាំង​បទ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បទ​គេចវេះ​ពី​ការព្យាបាល ឬ​គេច​ចេញពី​កន្លែង​ព្យាបាល បទ​មិន​គោរព​វិធានការ​រដ្ឋបាល និង​បទ​រេ​រាំង​ដល់​ការអនុវត្ត​វិធានការ​) ដែល​បានបង្ហាញ​ព័ត៌មាន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​មាន​សមត្ថកិច្ច ឬ​បានផ្តល់​កិច្ចសហការ​ចាំបាច់​នានា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ទាន់ពេលវេលា​។​

* ត្រូវ​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួលខុសត្រូវ ឬ​ទទួល​ការ​សម្រាល ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ផងដែរ ចំពោះ​ក្រុមគ្រួសារ​នៃ​បុគ្គល ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដែល​បានបង្ហាញ​ព័ត៌មាន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​មាន​សមត្ថកិច្ច ឬ​បានផ្តល់​កិច្ចសហការ​ចាំបាច់​នានា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ទាន់ពេលវេលា​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សូម​បន្ត​អំពាវនាវ​ឱ្យ​អ្នកជំងឺ​ទាំង​១៣​នាក់ មក​បង្ហាញខ្លួន ឬ​ទាក់ទង​មក​អាជ្ញាធរ ដើម្បី​ទទួលយក​ការព្យាបាល​។ អាជ្ញាធរ​ក៏បាន​អំពាវនាវ ដល់​អ្នក​បាន​ស្គាល់​អ្នកជំងឺ​ទាំងនេះ ជួយ​រាយការណ៍​ទៅ​អាជ្ញាធរ​ផងដែរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាស្រ័យ ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូល និង​រូស​រាន់​ទៅយក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល​៕​

អត្ថបទដែលជាប់ទាក់ទង