បញ្ជូនជនទំនើងម្នាក់ទៅតុលាការ បេីករថយន្តបំបុកនិងកិនអធិការរងម្នាក់ បាក់ស្មងជើង ពេលកំពុងអនុវត្តវិធានការបិទខ្ទប់ នៅគោលដៅច្បារអំពៅ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញផ្សាយព័ត៌មានថា បុរសម្នាក់ឈ្មោះ បាន ម៉េងហួ អាយុ១៩ឆ្នាំ ដែលបានបេីករថយន្តបុកសមត្ថកិច្ច ដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់ នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបាក់ជេីង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨នេះ។
ករណីហិង្សាដោយចេតនា (បើករថយន្តបុកបណ្តាលឲ្យបាក់ឆ្អឹងស្មងជើង-ប្រេះឆ្អឹងប្រអប់ជើងស្តាំ) និង ល្មើសសេចក្តីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះឯក សារ៉ន ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ បាន ម៉េងហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ហេតុការណ៍ មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ ស.ស.រ ស្តីពីការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះ ជាអធិការរង បានឃាត់សួរនាំ រកលិខិតអនុញ្ញាតចេញចូលឃើញថា ពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនសង្ស័យ បើករថយន្តត្រឡប់ទៅក្រោយវិញ តែជនសង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុក ជនរងគ្រោះឲ្យដួល កិនជើងជនរងគ្រោះបណ្តាលបាក់ឆ្អឹងស្មងជើង និង ប្រេះប្រអប់ជើងស្តាំ រួចជនសង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងរថយន្តម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ៕