ឃាត់ខ្លួនមនុស្ស៣នាក់ នៅប្រមូលផ្តុំអង្គុយផឹកកាហ្វេ ល្មើសនឹងវិធានការ បិទខ្ទប់ក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះឃាត់ខ្លួនមនុស្សចំនួន៣នាក់ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលល្មើសនឹងវិធានការរដ្ឋបាល។
ជនល្មើសវិធានការរដ្ឋបាលទាំង៣នាក់ រួមមាន៖
១-ឈ្មោះ ទេព វ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កម្មករ។
២-ឈ្មោះ ម៉ៅ ប៉ាក់ អាយុ៤៧ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប។
៣-ឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរកាហ្វេ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងថា បុរស៣នាក់ខាងលើមិនគោរពតាមការណែនាំ របស់អាជ្ញាធរ និងការផ្សព្វផ្សាយអំពីវិធានការពារ ស្តីពីការបិទខ្ទប់ក្រុងតាខ្មៅ ដោយបុរស៣នាក់នោះនៅប្រមូលផ្តុំអង្គុយផឹកកាហ្វេនៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តងជាពីរដងមកហើយក្តីមុខសញ្ញាល្មើសទាំង០៣នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវថែមទៀតផង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនជនទាំង០៣នាក់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមមាត្រា១០នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៖
*បទមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមាន សមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល។
*បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល (បើបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)។
*បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០លានរៀល (បើបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)៕