ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មានម្នាក់ ត្រូវបានចាប់ខ្លួន លួចនាំយកពលករដែលទើបមកពីកូរ៉េចំនួន០២នាក់យកតម្លៃ ៣៥០$ ល្មើសបទបញ្ជារដ្ឋាភិបាល

54

 

ស្វាយរៀង ៖ អ្នកសារព័ត៌មានម្នាក់ បានទៅលួចនាំយកពលករ ដែលទើបមកពីកូរ៉េចំនួន០២នាក់ (បានអនុវត្តចត្តាឡីស័ក១៤ថ្ងៃរួច) ដោយយកតម្លៃ ៣៥០$ មកស្រុកកំណើត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះល្មើសបទបញ្ជារដ្ឋាភិបាល ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ សង្ស័យលួចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញ ទៅគោលដៅខេត្តស្វាយរៀង ល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ បានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េចំនួន០២នាក់ (បានអនុវត្តចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត ដោយយកថ្លៃចំនួន ៣៥០ដុល្លារ តែពេលមកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រំ ក៏ត្រូវសមត្ថកិច្ចពិនិត្យ សួរនាំ និងធ្វើការឃាត់ខ្លួនតែម្តង។

ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង