ស្លាប់៤នាក់ ដោយសារ ជំងឺកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានមនុស្សស្លាប់៤នាក់ដោយសារ ជំងឺកូវីដ១៩ គឺបុរសអាយុ ៦៥ឆាំ្ន អាយុ ៧២ឆ្នាំ ស្ត្រី៤៨ឆ្នាំ អាយុ ៤០ឆ្នាំ។
យោងតាមរបាយការណ៍ពី៖ ១-មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង២០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧និង២០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
២-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានរោគសញ្ញ ក្អក ហត់ រួមទាំងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមដំណាក់កាលចុងក្រោយប្រចាំកាយ។ បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ដោយស្ថានភាពរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០២នាទី រសៀល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងខ្សោយតំរងនោមប្រចាំកាយ។
៣-មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាក ពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩៣០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ ជាមួយរោគ សញ្ញាហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើម ដែលតម្រូវឱ្យគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ដើម្បីជួយ សង្គ្រោះប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីរិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៤០នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។
៤-មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ រួចត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទី ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូ ពេទ្យបានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ០៦ : ២៨នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយ ជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕