ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យយកស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រគេនជូនព្រះសង្ឃគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ស្ថិតនៅតំបន់ក្រហម

32

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ដែលស្ថិតនៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ លោកអភិបាលរង បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៍ជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសព្រះសង្ឃ ដែលគង់ក្នុងវត្តស្ថិតក្នុងតំបន់ក្រហម មិនអាចនិមន្តបិណ្ឌបាតបាន រួមទាំងពុទ្ធបរិស័ទក៍មិនអាចយកចង្ហាន់ទៅវត្តបាន ធ្វើអោយមានការប៉ះពាល់ដល់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ។ ជាក់ស្ដែងថ្ងៃនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន មកប្រគេនព្រះសង្ឃចំនួន២វត្ត ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ គឺវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ។ ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងកំឡុងពេល បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ ។
ក្នុងនោះស្បៀងដែលប្រគេនជូនព្រះសង្ឃក្នុងមួយវត្ត មាន អង្ករ ៥០បាវ= ១២៥០គីឡូ , ទឹកសុទ្ធ ៥០ កេស និង មី ២០កេស ក្នុងមួយវត្តផងដែរ។

អត្ថបទដែលជាប់ទាក់ទង