ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ស ខេង ផ្ញើ​សារ​ជូន​​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​ម្លាំ​ង​អនុវត្ត​ច្បាប់ ក្នុងស្ថានភាព​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

64

 

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​ម្លាំ​ង​អនុវត្ត​ច្បាប់ ក្នុងស្ថានភាព​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់​អត់ធ្មត់ ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល​។​

​នៅក្នុង​សារ​របស់​សម្តេច​ក្រឡាហោម ស ខេង ផ្ញើ​សារ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​ម្លាំ​ង​អនុវត្ត​ច្បាប់​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ឲ្យ​ដឹងថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សម្តេច​សូម​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង ស្មោះស្ម័គ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ទាំងអស់ ដែល​បាននិងកំពុង​ចាត់តាំង​អនុវត្ត​យ៉ាងសកម្ម​ផុលផុស នូវ​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ការប្តេជ្ញាចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ភារកិច្ច​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ។​

​សម្តេច​ក៏​សូម​យក​ឱកាស​នេះ ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ សូម បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ប្រកបដោយ​ការអត់ធ្មត់ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវគោរព​គោល​កាណ៍ នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​កងកម្លាំង​ឲ្យ​បានជា​ដាច់ខាត ជាពិសេស ត្រូវ​ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ យើងខ្ញុំ​យល់ច្បាស់​អំពី​ការលំបាក ផលប៉ះពាល់ និង​បញ្ហា ប្រឈម​ផ្សេងៗ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ កំពុង​ជួបប្រទះ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ។ ក៏ប៉ុន្តែ​ទោះបីយ៉ាងណា ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​ឲ្យ​បងប្អូន​បន្ត​រក្សា និង​ប្រកាន់ ខ្ជាប់​នូវ​ការអត់ធ្មត់​ខ្ពស់ ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុងការ​បំពេញបេសកកម្ម ដ៏​មាន​សារៈសំខាន់​លើ​សមរភូមិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលបាន​ជោគជ័យ​”​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​នានា​របស់ រាជរដ្ឋាភិបាល ក៏ដូចជា​សហការ​អនុវត្ត​តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី បុព្វហេតុ​រួម នៃ​ការ​កាត់ផ្ដាច់ និង​ឈានទៅ​បញ្ចប់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​នាំ ស្ថានការណ៍ និង​គ្រប់​សកម្មភាព​របស់​ស​ង្គ​ម វិល​មករក​ប្រក្រតីភាព​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង