ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសពីករណី ស្លាប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកវីដ-១៩

42

ភ្នំពេញ : ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣:០០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ដង្ហក់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីរមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ០០៤៥នាទី រំលងអាធ្រាត។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង។ ពីរមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកជំងឺចេះតែធ្ងន់ធ្ងរ ឡើងៗ អ្នកជំងឺមានអាការៈហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ទាំងពីរខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

គួរបញ្ជាក់ថាគិតរហូតមកត្រឹមថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ នេះ មានប្រជាពលរដ្ឋចំនួន ៥៦នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

អត្ថបទដែលជាប់ទាក់ទង