កម្លាំងចម្រុះប្រចាំគោលដៅ ត្រួតពិនិត្យច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ (ស្រី៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន១នាក់ ជាអ្នកនាំផ្លូវបន្តតាមម៉ូតូ
ខេត្តកែប៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែប តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។
ឯកឧត្តមអភិបាលខេត្តកែប បានក្រេីនរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕