អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត
សៀមរាប៖ បើយោងតាមក្រុមការងារ GARCP បានបញ្ជាក់អោយដឹងនៅថ្ងៃទី២២ មេសា ឆ្នាំ២០២១នេះថា, អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់
ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។
ការជួសជុលអភិរក្សក្បាច់ចម្លាក់ នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។
ដោយឡែកក្រុមការងារបរិស្ថានរបស់អាជ្ញា ធរជាតិអប្សរាបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ។
ទោះស្ថានភាពនៅក្នុងរមណីយដ្ឋានអង្គរ មានការបិទមិនឲ្យចូលទស្សនាក៏ដោយ តែក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបន្តការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងន័យថែរក្សាបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រងជានិច្ច។
សកម្មភាពការងារសម្អាតទាំងនោះ គឺទាំងក្នុងប្រាសាទ តាមដងផ្លូវ និងក្នុងកសិន្ធុទឹក។
សូមទស្សនាសកម្មភាពក្រុមការងារបរិស្ថាន ដែលកំពុងបំពេញការងារជាប្រចាំ ដើម្បីថែរក្សារមណីយដ្ឋានអង្គរ ៕ សំរិត