នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនផ្កាយពីរម្នាក់ ពីបទ រត់ពន្ធចិន ២៨ នាក់
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្ត ស្វាយរៀង បានឲ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ សមត្ថកិច្ច នគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនឧត្ដមសេនីយ៍ទោ ស៊ុ ពៅ មានតួនាទីជាអនុប្រធានកហរូមការងារស្រាវជ្រាវ យុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ពីបទពាក់ព័ន្ធដឹកជញ្ជូនចិន ២៨ នាក់ បំពានទៅលេីសេចក្ដីសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
បេីតាមប្រភពពី នាយទាហានជាន់ខ្ពស់នៅ អគ្គបញ្ជាការដ្ឋាន បានបង្ហេីបឲ្យដឹងថា អគ្គបញ្ជាការដ្ឋាន ពិតជា ទទួលបានការជូនដំណឹង ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ អំពីការ ឃាត់ខ្លួនលោក ស៊ុ ពៅ ពិតប្រាកដមែន ហេីយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាក៏បាន ឯកភាពឲ្យចាត់ការតាមច្បាប់ ដោយមិនអត់ឱនឬយោគយល់ឡេីយ ។
គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ទោ ស៊ុ ពៅ រូបនេះ ត្រូវបានគេមេីលឃេីញថា សំបូររឿងអាស្រូវច្រេីនណាស់ កន្លេងមក ធ្លាប់យកឡានទៅជួសជុល អត់អោយលុយជាង ទាល់តែបង្ហោះតាម ហ្វេសប៊ុក ទេីបយកលុយទៅសងជាង ។
ក្រោយមកទិញដីគេមកពុះឡូតិ៍លក់ឲ្យ ប្រជាជន អត់អោយលុយម្ចាស់ដី ម្ចាស់ដីប្ដឹងយកដីវិញ ប្រជាជនរងគ្រោះ រត់មករកខ្ញុំជួយ ខ្ញុំអន្តរាគមន៍ទៅ ក៏លោកផ្កាយពីរ ស៊ុ ពៅ ចេញមុខមកដោះស្រាយរកដីកន្លែងផ្សេងជូន ប្រជាពលរដ្ឋរងគ្រោះវិញ ។
តែទង្វេីលោកឧត្ដមសេនីយ៍ទោ ស៊ុ ពៅ លេីកនេះ គ្មានអ្នកណាហ៊ានចេញមុខជួយនោះទេ ព្រោះជាសកម្មភាព បំពានទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ មេរោគកូវីដ ១៩ ៕