ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំពលករខ្មែរចំនួន០៦នាក់ឆ្លងដែនទៅថៃ ត្រូវបញ្ជូនខ្លួនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ បានធ្វើការប្រគល់ពលករខ្មែរចំនួន០៦នាក់ និងមេខ្យល់ចំនួន ០២នាក់ មកអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ។
លោកអធិការបានបញ្ជាក់ថា ៖ ពលករទាំង០៦នាក់ ស្រី០២នាក់ មកពីខេត្តសៀមរាប ០១នាក់ ខេត្តបន្ទាយមានជ័យ ចំនួន០៥នាក់ និងជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ ឈ្មោះឡំ រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងឈ្មោះ ងួន ពេក ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមការបំភ្លឺរបស់ពលករទាំង ០៦នាក់ ប្រាប់សមត្ថកិច្ចថា ពួកខ្លួនត្រូវបានអ្នកបើករថយន្តតាក់ស៊ីចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ដឹកមកទម្លាក់នៅមុខវិហារចាម ស្ថិតក្នុងភូមិជ្រៃ ឃុំបឹងបេង បន្ទាប់មកមានមេខ្យល់ចំនួន ០២នាក់ឈ្មោះ ឡំ រ៉េត និងឈ្មោះ ងួន ពេក បានជូនឆ្លងដែនទៅថៃ នៅចំណុចភូមិជ្រៃ ឃុំបឹងបេង ឆ្លងចូលទឹកដីថៃបានប្រមាណជា០២គីឡូម៉ែត្រ ត្រូវទាហានថៃចាប់បញ្ជូនត្រឡប់មកវិញ ។ ចំណែកឯចម្លើយសារភាពរបស់ឈ្មោះឡំ រ៉េត និងឈ្មោះងួន ពេក បានឆ្លើយថា ខ្លួនគេទាំង០២នាក់ ពិតជាបានជូនប្រជាពលករខ្មែរទាំង០៦នាក់ ឆ្លងដែនចូលទៅដីថៃមែន ដោយយកម្នាក់ប្រាក់ថៃតម្លៃចំនួន ២០០បាត ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ៖ជនសង្ស័យជាមេខ្យល់ទាំង ០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ហើយ ។ ចំណែកពលករខ្មែរទាំង ០៦នាក់ ស្រី០២នាក់ នគរបាលស្រុកម៉ាឡៃបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក ។
លោកនាយការិយាល័យ បានបន្តឲ្យដឹងថា ៖ ចាប់តាំងពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១មកទល់បច្ចុប្បន្ន ការបង្រ្កាបរបស់សមត្ថកិច្ច លើករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ បានសរុបចំនួន ៣៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៥នាក់ ស្រី០៧នាក់ រឹបអូសវត្ថុតាងបម្រើឲ្យបទល្មើស ទូរស័ព្ទដៃចំនួន៤៤គ្រឿង, ម៉ូតូ០៨គ្រឿង និងរថយន្តចំនួន០៩គ្រឿង ៕