សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអាស៊ាន
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។
តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយសម្ដេចតេជោ និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំហាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមជូនពរ បងប្អូនជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ ជាពិសេសចៀសឆ្ងាយពីជម្ងឺកូវីដ១៩ និងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភារកិច្ចអ្វីចាំបាច់ ដើម្បីរួមគ្នាការពារជម្ងឺកូវីដ១៩ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ។
សម្តេច បានបញ្ជាក់ថា តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។
ពេលមកដល់កម្ពុជាភ្លាម ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។
អរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។
សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល។
ព័ត៌មាននៃកិច្ចប្រជុំទាំងអស់នឹងផ្សាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមកម្មវិធីជាបន្តបន្ទាប់៕