ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកំពុងរស់នៅក្នុង “តំបន់ក្រហម” ត្រូវទៅយកសំណាកដើម្បីតេស្តថាតើយើងកំពុងផ្ទុកវីរុសកូវីដ-១៩ឬអត់

31

 

ភ្នំពេញ ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុង “តំបន់ក្រហម” ត្រូវទៅយកសំណាកដើម្បីតេស្តថាតើយើងកំពុងផ្ទុកវីរុសកូវីដ-១៩ឬអត់។

ការយកសំណាកដែលជាកាតព្វកិច្ចមានចែងក្នុងមាត្រានៃច្បាប់ គឺដើម្បីគេចចេញពីទោសទណ្ឌ ពិសេសយើងអាចដឹងពីស្ថានភាពសុខភាពខ្លួនឯងផងដែរដើម្បីការពារ ឬព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ឡើងវិញថា សង្កាត់ស្ទឹងមានជ័យទី១ ទី២ ទី៣ សង្កាត់ចោមចៅទី១ និង ភូមិ១៤ ១៦ ១៧ នៃសង្កាត់បឹងសាឡាង ត្រូវបានកំណត់ជា “តំបន់ក្រហម”។

យោងតាមសេចក្ដីណែនាំ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូប៊ីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម ” នៅរាជធានីភ្នំពេញ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ត្រមួយចំនួនដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជា “តំបន់ក្រហម” ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអំនុវត្តសេចក្តីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យមាន ប្រសិទ្ធភាព។ ចំពោះមុខ ដើម្បីកាត់ផ្ដាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់។

ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬ គេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះនឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌពាក់ព័ន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង ប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំន ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកគឹម សន្តិភាព អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងថា សូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម!

ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ!

បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។

ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!៕

អត្ថបទដែលជាប់ទាក់ទង