ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុសស្ពានឈើ នៅប្រាសាទតាកែវ ដែលទ្រុឌទ្រោម

40

 

សៀមរាប ៖ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលឡើងវិញ នូវស្ពានឈើចំណាស់មួយកន្លែង ដែលឆ្លងកាត់ស្ទឹងសៀមរាប នៅខាងលិចប្រាសាទតាកែវ ស្ថិតក្នុងរមណីយដ្ឋានអង្គរ បន្ទាប់ពីស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង។
ក្នុងសកម្មចុះពិនិត្យមើលស្ពាននេះ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានចុះពិនិត្យការដ្ឋានជួសជុលស្ពានឈើ ដែលឆ្លងកាត់ស្ទឹងសៀមរាប ស្ថិតនៅខាងលិចប្រាសាទតាកែវ លើកំណាត់ផ្លូវវង់តូច ក្នុងតំបន់រមណីយដ្ឋានអង្គរ។

នៅក្នុងឱកាសនោះ ឯកឧត្តមហង់ ពៅ បានមានប្រសាសន៍សូមការអធ្យាស្រ័យពីប្រជាពរដ្ឋ និងភ្ញៀវទេសចរ ចំពោះមានការរំខានក្នុងការធ្វើដំណើរអំឡុងពេលជួសជុលនេះផងដែរ។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ពានឈើចំណាស់នេះ ត្រូវបានក្រុមការងារជំនាញបានចាប់ផ្តើមធ្វើការជួសជុល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ ស្ពាននេះរងនូវការទ្រុឌទ្រោម ដោយកត្តាអាកាសធាតុ និងអាយុកាល បណ្តាលឲ្យសំណង់ប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួសជុលជាបន្ទាន់ ហើយការជួសជុលស្ពានឈើនេះ ក្រុមការងារបានសុំយោបល់ និងអនុម័តយល់ព្រមពីគណៈកម្មាធិការ អាយ ស៊ីស៊ី-អង្គររួចហើយដែរ។

បើយោងតាមឯកឧត្តម ឡុង កុសល បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការជួសជុលស្ពានឈើនេះ អាជ្ញាធរជាតិអប្សរា ក៏បានសាងសង់ស្ពានមួយទៀតសម្រាប់ ឆ្លងកាត់ជាបណ្តោះអាសន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង