ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភារកិច្ចដ៏ថ្លៃថ្លាលក់ស្បៀងអាហារ ដើម្បីបម្រើប្រជាជនក្នុងកំឡុងពេលបិទខ្ទប់, គ្មានការលក់រកប្រាក់ចំណេញនោះឡើយ

106

 

ភ្នំពេញ៖ តាមសេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហមតាមតម្លៃទាប តាមរយៈសេវាលក់ទំនិញតាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ តាមស្តង់ដែលតម្លើងនៅមុខទីតាំងតំបន់ក្រហម ដោយមានទាំងសេវាដឹកជញ្ជូន ចែកចាយដល់មុខផ្ទះ ដោយឥតគិតកម្រៃផងដែរ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៤ ខែមេសានេះថា បន្ទាប់ពីទទួលភារកិច្ចដ៏ថ្លៃថ្លានេះ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើជីវភាពខ្វះខាត របស់ប្រជាជនក្នុងគ្រាដ៏លំបាក នៃការរាតត្បាតជំងឺកូវីត១៩, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារសម្របសម្រួល ការផ្គត់ផ្គង់ស្បៀងស្តុកបម្រុងរបស់រដ្ឋ និងការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ សម្រាប់លក់ជូនប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម ដោយបង្កើតនូវផែនការការងារច្បាស់លាស់ ព្រមទាំងបានធ្វើសកម្មភាព ជាបន្ទាន់ទាំងយប់ទាំងថ្ងៃ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះ (១) ក្រសួងបានបង្កើតផ្សារលក់ទំនិញតាមអនឡាញ, (២) រៀបចំបញ្ជរលក់ទំនិញ នៅក្បែរតំបន់ក្រហម ចំនួន១១ទីតាំង (២២ស្តង់) និងលក់តាមរថយន្តចល័តចំនួន ៨ គ្រឿង ដើម្បីផ្គត់ផ្គង់ស្បៀងអាហារចាំបាច់ រួមមាន៖ ម្សៅទឹកដោះគោ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង ឆៃប៉ូវ បន្លែបន្លុក។ល។ ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។ ក្រសួងពាណិជ្ជកម្ម មិនបានបើកលក់ទំនិញ នៅក្នុងទីស្តីការក្រសួងឡើយ ។

លោករដ្ឋលេខាធិការបន្តថា សកម្មភាពការងារលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ របស់ក្រសួងពាណិជ្ជកម្ម ក្នុងកំឡុងពេលបិទខ្ទប់នេះ ពិតជាមានសារៈសំខាន់ ក្នុងការជួយទប់ស្កាត់នូវការឡើងថ្លៃទំនិញហួសហេតុ ក្នុងគ្រាលំបាក និងធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ក្រហម។

លោកបន្ថែមថា ទោះជាសកម្មភាពដ៏ថ្លៃថ្លានេះ ត្រូវបានប្រជាពលរដ្ឋរាប់លាននាក់ កំពុងអបអរសាទរ និងលើកទឹកចិត្តឱ្យមន្ត្រីក្រសួងពាណិជ្ជកម្ម បន្តសកម្មភាពរបស់ខ្លួនជាបន្តទៀត ដោយមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនយ៉ាងសកម្ម យ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅតែមានជនអគតិមួយចំនួនតូច បានបំភ្លៃការពិតពីសទៅជាខ្មៅ ដោយលើកឡើងថា ក្រសួងពាណិជ្ជកម្មបើកផ្សារលក់ទំនិញ នៅក្នុងទីស្ដីការក្រសួង បន្ទាប់ពីបានបិទទីផ្សារមួយចំនួន នៅរាជធានីភ្នំពេញ ដែលតាមពិតក្រសួងពាណិជ្ជកម្ម គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពដោយ មិនរកប្រាក់ចំណេញនោះឡើយ។ ការធ្វើសកម្មភាពដូចបានរៀបរាប់ជូនខាងលើ គឺជាសកម្មភាពមនុស្សធម៌ និងសង្គ្រោះប្រជាជនសុទ្ធសាធ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជម្រាបជូនថា ក្នុងរយៈពេល៤ ថ្ងៃ គិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនប្រជាជនក្នុងតម្លៃទាប បានចំនួន៖

* អង្ករ ចំនួន ៥០៥ បាវ (៥០គីឡូក្រាម/បាវ),
* មីជាតិ ចំនួន ១.៨១៩ កេស,
* ទឹកត្រី ចំនួន ៧៦៩ យួរ,
* ទឹកស៊ីអ៊ីវ ចំនួន ៥២៩ យួរ,
* ត្រីខកំប៉ុង ចំនួន ៩០៧ យួរ,
* ទឹកសុទ្ធ ចំនួន ១២១ កេស,
* ឆៃប៉ូវផ្អែម ចំនួន ៣៥៦ ថង់ (៧១២ គីឡូក្រាម)
* ការបញ្ជាទិញតាមអនឡាញ មានចំនួន៤១០ ការបញ្ជាទិញ។

លោកបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពនេះ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីត បានស្រាកស្រាន៕

អត្ថបទដែលជាប់ទាក់ទង