ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញម្នាក់ និងបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួន ករណីមិនគោរព វិធានការរដ្ឋបាល

28

 

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជន មេត្តាជ្រាប៖ ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនបុរស០៣នាក់ ។

ករណី ៖ មិនគោរព វិធានការរដ្ឋបាល ដែលកើតហេតុថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង១៦.៣០នាទី ចំណុចគោលដៅត្រួតពិនិត្យ ព្រំប្រទល់ ខេត្តកណ្តាល និងខេត្តកំពង់ចាម ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន) ៖ ១.ឈ្មោះ វឿន សុភណ្ណរ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ (ជាអ្នកបើករថយន្ត)។ ២.ឈ្មោះ ស្រ៊ាង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាងជួសជុល រថយន្ត (អ្នករួមដំណើរ)។ ៣.ឈ្មោះ អ៊ុយ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាងជួសជុល រថយន្ត (អ្នករួមដំណើរ)។ អ្នកទាំង០៣ មានទីលំនៅសព្វថ្ងៃភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។
បច្ចុប្បន្នស្នាក់នៅ ភូមិអូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ១.រថយន្តម៉ាក KIA RIGAL ស៊េរី ឆ្នាំ២០០២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-2854 ចំនួន០១គ្រឿង។ ២.ប័ណ្ណសំគាល់ខ្លួនរបស់ឈ្មោះ វឿន សុភណ្ណរ៉ា អ្នកយកព័ត៌មានចំនួន០១សន្លឹក។ ៣.លិខិតបេសកកម្ម របស់ឈ្មោះ វឿន សុភណ្ណរ៉ា អ្នកយកព័ត៌មានចំនួន០១សន្លឹក។ ៤.វិញ្ញាបនបត្រអនុញ្ញាតដំណើរការ អាជីវកម្ម របស់ឈ្មោះ វឿន សុភណ្ណរ៉ា ចំនួន០១សន្លឹក។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី២៣ មេសា ២០២១ វេលាម៉ោង១៥.០០នាទី ឈ្មោះ វឿន សុភណ្ណរ៉ា ម្ចាស់ការ៉ាស់ជួសជុលរថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ បានដឹកកូនជាងជួសជុលរថយន្ត នៅយានដ្ឋានជួសជុល រថយន្តរបស់ខ្លួន ចំនួន០២នាក់ខាងលើ ចេញពីយានដ្ឋាន ជួសជុលរថយន្ត គោលដៅទៅស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដោយមធ្យោបាយ រថយន្ដខាងលើ ហើយបានធ្វើដំណើរ ឆ្លងស្ពានវិមានឈ្នះឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានប៉ុស្តិ៍គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច ខណ្ឌជ្រោយចង្វា ឃាត់សួរនាំហើយ ឈ្មោះ វឿនសុភណ្ណរ៉ា អ្នកបើករថយន្តបានឈប់ ហើយ ចុះទៅជួបសមត្ថកិច្ចនៅទីនោះ ដោយប្រាប់ថា ជូនប្អូនទៅស្រុកវិញព្រោះអត់ការងារធ្វើ គេបានអនុញ្ញាតឲ្យបន្ដដំណើរទៅមុខទៀត។ លុះមកដល់គោលដៅ ត្រួតពិនិត្យព្រំប្រទល់ខេត្កណ្ដាលនិងខេត្តកំពង់ចាម ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានត្រួតពិនិត្យធ្វើការសួរនាំ ឈ្មោះ វឿន សុភណ្ណរ៉ា ដែលជាអ្នកបើកបររថយន្ត ហើយឈ្មោះ វឿន សុភណ្ណរ៉ា បានឆ្លើយថានាំប្អូនទៅស្រុកវិញ ព្រោះនៅភ្នំពេញអត់មានការងារធ្វើ បន្ទាប់មកសមត្ថកិច្ច បានសួរនាំរកឯកសារធ្វើដំណើរ ឆ្លងកាត់ រួចឈ្មោះ វឿន សុភណ្ណរ៉ា ក៏បានបង្ហាញលិខិតបេសកកម្ម អ្នកសាព័ត៌មាន យូម៉ា ធីវី អន ឡាញ ២៥ខេត្តក្រុង ដែលចុះហត្ថលេខា ដោយលោក សុខ សុវណ្ណ ជាអគ្គនាយក និងកាតសំគាល់ខ្លួន០១សន្លឹកទៀត រួមទាំងអត្តសញ្ញាណប័ណ្ណ របស់ខ្លួនឱ្យសមត្ថកិច្ចពិនិត្យ។

ក្រោយពីសមត្ថកិច្ចពិនិត្យឯកសារ ឃើញថា នៅក្នុងលិខិតបេសកកម្មមានតែសាមីខ្លួន០១នាក់ ហើយនៅក្នុងរថយន្ត មានអ្នករួមដំណើរ០២នាក់ទៀត ដែលមិនមានឯកសារបញ្ជាក់ ជាអ្នកសារព័ត៌មាន បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ខាងលើ និងរថយន្ត នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ វឿន សុភណ្ណរ៉ា បានឆ្លើយថា៖ ខ្លួនពិតជាបានដឹកកូនជាង ជួសជុលរថយន្តនៅក្នុងយានដ្ឋានរបស់ខ្លួនទាំង២នាក់ក្នុងគោលបំណង ទៅ ស្រុកកំណើត ជាមួយគ្នានៅខេត្តក្រចេះ ពិតមែន។

ចំពោះជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរព សេចក្តីណែនាំ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង