ប្រធានការិយាល័យគយនិង រដ្ឋាករត្រពាំងផ្លុងប្រគល់អង្ករនិងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩
ភ្នំពេញ៖ អំណោយជាអង្ករចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់ ២០០កេស ត្រូវបានលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យ គយនិងរដ្ឋាករត្រពាំងផ្លុងនិងលោកសី លៀប ណាលីនព្រមទាំងសហការី និង អាជីវកនាំទំនិញចេញ–ចូល មាត់ច្រក អន្តរជាតិត្រពាំងផ្លុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ–១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលខ្លាំង នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ។
លោកកែ ពន្លក បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងអោយលោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ួន សុវណ្ណារ៉ា ដែលបានជួយឧបត្ថមជា អង្ករ និងទឹកបរិសុទ្ធខាងលើនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ–១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោក អ៊ួន សុវណ្ណារ៉ា ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ–១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕