ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធររនឹងនាំយកអំណោយជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធរ នឹងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ–១៩ ខណៈដែលជម្ងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរអោយព្រួយបារម្ភណ៍។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនាំយកអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់និងមានជីវភាពខ្វះខាតចំនួនជាង៨០០ គ្រួសារ នៅខណ្ឌដូនពេញ នារសៀល ថ្ងៃទី២៤ ខែមេសានេះ ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានមានប្រសាសន៍ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអត់ធ្មត់យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ–១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ភូមិដ្ឋាន២សប្តាហ៍នេះ។ លោកថា បើបងប្អូន ចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ–១៩បាន នោះរដ្ឋាភិបាលនិងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធររបស់យើងនឹងនាំយកអំណោយនេះទៅជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដល់មុខផ្ទះតែម្តង ។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញនេះមានចំនួន៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣គឺសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕