ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនយុវជន១នាក់ ពីបទ រារាំងដល់ការអនុវត្តវិធានការ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន

43

 

ខេត្តកណ្តាល ៖ ទីបំផុត យុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ត្រូវបានសាលាដំបូងខេត្ត ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រារាំងដល់ការអនុវត្តវិធានការ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ប្រព្រឹត្តនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ និងបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាប នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។

បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ និង បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន» តាមមាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា៦៣នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

បុរសរូបនេះ មានឈ្មោះស៊ូ ម៉េងសែ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រពើហារសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនVVH និង មានកំរិតជាតិអាកុល 1.802មីលីត្រខ្យល់ និង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង