ឃុំខ្លួនបុរស ០២នាក់ ល្មើសបម្រាមរាជរដ្ឋាភិបាល ករណីប្រមូលម្ដុំផឹកស៊ី ចាក់ធុងបាស់
តាកែវ ៖ តុលាការខេត្តតាកែវ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារបុរស ០២នាក់ បានល្មើសបម្រាមជួបជុំគ្នា ស៊ីផឹកចាក់បាស់ នៅស្រុកគិរីវង់ រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ តាមរយៈការប្រកាសសាលក្រម។
បុរសទាំង ០២នាក់ ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀលនេះ ផ្អែកលើសណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីត-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
អង្គសវនាការជំនុំជម្រះ ធ្វើឡើងតាមនីតិវិធី នៃការបង្ហាញខ្លួនភ្លាម របស់តំណាងអយ្យការ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ ដែលសមាសភាព ចៅក្រមជំនុំជម្រះគឺលោក នូ ដារ៉ា និងតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បាន ប្រកាសសាលក្រម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ០១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ០១លានរៀល។
សូមរម្លឹកដែរថា បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយបានចង្អុលបង្ហាញពីសំណាក់ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល នីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាន នគរបាលស្រុក បានចុះអនុវត្តន៍ករណីបំពានបម្រាម លើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសបំពាន ល្មើសបម្រាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុះថ្ងៃទី ០៦ ខែមេ សា ឆ្នាំ២០២១ បង្កដោយជនសង្ស័យចំនួន០២នាក់គឺ ៖ ១.ឈ្មោះ រិន រ៉ី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។ ២.ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
លោកអធិការស្រុកបានបន្តថា ចំពោះការចុះបង្រ្កាបនេះដែរ គឺបន្ទាប់ពីបុរស ០២នាល់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះអប់រំច្រើនដង នៅតែមិនស្ដាប់ និងបន្តប្រព្រឹត្តិទង្វើនេះបន្ថែមទៀត សមត្ថកិច្ចយើងបានចុះទៅធ្វើការ នាំខ្លួន និងដកហូតធុងបាស មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី ៕