ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា

30

 

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សូមសំដែងនូវការអបអរសាទរជាមួយ ពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់” ។ ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញនិងបំផុសការយល់ដឹងនិងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គមនិងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ សូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាព ទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ទូលំទូលាយ នៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ប្រឈមទីជនបទព្រៃភ្នំ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនិងទម្លាប់ប្រជាជន ក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចំលងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ទស្សនាទានថ្មីនាសម័យ កាលវិបត្តិកូវីដ-១៩។ ពិតណាស់ថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ តាមរយៈចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនាទាននេះ យើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើលរំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំ ឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ឋភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹង នាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដូច្នេះ ទិវាគ្រុនចាញ់ក្រោមប្រធានបទ “ ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់” នេះ សមស្របនឹងដំណើរវិវត្តិនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជាយើងនៅប្រឈមនឹងជំងឺគ្រុនចាញ់នេះនៅឡើយ។ លើសពីនេះទៅទៀតកម្ពុជា កំពុងអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែក មួយនៃផែនការយុទ្ឋសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និង បង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្ដែង ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេស។

តាមប្រភពរបាយការណ៍ប្រចាំឆ្នាំរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេស កម្ពុជាយើងលែងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ បានន័យថា សម្រេចបានជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ២០២០។ ឆ្នាំ២០២០ ជំងឺគ្រុនចាញ់សរុប មាន៩ ២២៧ករណីឈឺ បានន័យថាករណីឈឺបានបន្តថយចុះ៧១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែល មាន៣ ១៩៧១ករណី។ រីឯជំងឺគ្រុនចាញ់ប្រភេទសន្ធិនិងចម្រុះមាន៩៣៦ករណី ក្នុងឆ្នាំ២០២០ គឺបាន បន្តថយចុះ៨១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់៤ ៩៩០ករណី។ ក្នុងន័យនេះយើង អាចនិយាយបានថា ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងកាន់តែមានប្រសិទ្ឋភាពខ្ពស់ សម្រាប់ការ ចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាយើង បើទោះជាក្នុងបរិយាកាសដ៏ លំបាកដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

ទោះបីការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធភាពខ្ពស់ យ៉ាងណាក៏ដោយ ក៏យើងត្រូវតែបង្កើនប្រសិទ្ធភាពការងារចូលរួមប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះបន្ថែមទៀត ព្រោះថា បើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឱ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់ៗរូបទេនោះ សត្វមូស ដែកគោលញីដែលនៅបន្តមានវត្តមានក្នុងព្រៃនិងតំបន់ជុំវិញនៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងពីសហគមន៍មួយទៅសហគមន៍មួយដដែល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល តែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធានឱ្យកាន់តែសកម្មភាព ខ្លាំងក្លាថែមទៀតដើម្បីចូលរួមឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះឱ្យបានតាមផែនការកំណត់ គឺគ្មានជំងឺ គ្រុនចាញ់ប្រភេទសន្ធំនៅដំណាច់ឆ្នាំ២០២៣ និងគ្មានជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅដំណាច់ឆ្នាំ២០២៥។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នាលើចំណុចទាំងនេះដើម្បីលើកកម្ពស់សុខភាព គុណភាពនៃ ការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាល និងប្រជាជនគ្រប់រូបដែលបានធ្វើឱ្យសម្រេច ជោគជ័យនូវសមិទ្ធផលលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាពេលកន្លងមក និងសូមសម្តែងនូវការគាំទ យ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំង សកលលោក។

ទន្ទឹមនឹងនេះ សម្តេចតេជោ សូមអំពាវនាវ ឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូបសូមបន្តចូលរួម និងគាំទ្រដល់បេសកកម្មរបស់ក្រសួងសុខាភិបាលតាមផែនការយុទ្ធសាស្ត ជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ និងសម្រេចតាមគោលដៅ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមឧទ្ទិសឱ្យខ្លឹមសារនិងអត្ថន័យនៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២១ ដែលមានពាក្យស្លោកថា “ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទៅជាការអនុវត្តជាក់ស្តែង កាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់ត គ្រប់ជ្រុងជ្រោយ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើង អាចធ្វើដំណើរឆ្ពោះទៅកាន់អនាគតមួយដែលគ្មាន ជំងឺគ្រុនចាញ់។ តាមរយៈនេះ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួរ រាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងអស់នឹងបន្តរួមចំណែកចូលរួមនិងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុង បុព្វហេតុរួមចំណែកលើកកម្ពស់ថែមទៀតនៅឧត្តមភាពនិងកិត្យានុភាពកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង