ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ទីក្រុងហ្សាការតា

32

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ទីក្រុងហ្សាការតា។

តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’lzzaddin Waddaulah) នៃប្រទេសព្រុយ ណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដែលបានរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ក្នុងទម្រង់ជាការចូលរួមដោយផ្ទាល់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។

មេដឹកនាំអាស៊ានបានពិនិត្យមើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្តារឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ស្តីពីទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានលើកអំពី សារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូររវាងអាស៊ាន និងដៃគូខាងក្រៅគ្រប់លំដាប់ថ្នាក់ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។

មេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ រួម ជាពិសេស ការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានសម្រេចការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចស្តីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកសំណោះស្រាយដោយសន្តិវិធី ដែលរួមមាន (១)ការបញ្ឈប់រាល់អំពើ ហឹង្សា (២)កិច្ចសន្ទនាប្រកបដោយស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ប្រជាជន (៣)ការចាត់ តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា (៤) ផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និង (៥)ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអំពីបទ ពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សា ជាតិឋិតថេរយូរអង្វែង  និងបានស្នើឡើងនូវជំហានជាក់ស្តែងមួយចំនួន ពោលគឺ (១)ការបញ្ឈប់ អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ  (២)ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង(៣)ការអនុញ្ញាតឲ្យ មានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទានដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់បង្ហូរឈាមគ្នា សន្តិភាព និងភាពសុខដុមចីរកាល។ សម្តេចតេជោនាយករដ្ឋមន្រី្ត បានមានប្រសាសន៍ផងដែរអំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បី សម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងក្រៅ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។

ដោយឡែក ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចតេជោនាយករដ្ឋមន្រ្ដី  ហ៊ុន សែន បានឆ្លៀតឱកាសជួបជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីផ្លាស់ ប្តូរយោបល់អំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និង ឥណ្ឌូនេស៊ី។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងទេ្វភាគី និង សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាខិតខំទ្វេដង ដើម្បីរឹតចំណងទាក់ ទងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានថ្លែងអំណរគុណ ដល់គ្នាទៅវិញទៅមក ចំពោះការចាក់វ៉ាក់សាំងជូនដល់មន្រ្តីការទូត និងប្រជាជនឥណ្ឌូនេស៊ីនៅកម្ពុជា ក៏ដូច ជាមន្រ្តីការទូត និងប្រជាជនកម្ពុជានៅឥណ្ឌូនេស៊ី ហើយបានយល់ស្របអំពីសារៈសំខាន់នៃកិច្ចសហប្រតិ- បតិ្តការជិតស្និទ្ធដើម្បីយកឈ្នះលើវិបត្តិសុខភាពដែលមិនធ្លាប់មានពីមុនមក និងពង្រឹងភាពរឹងមាំ។
ក្នុងថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដី ក៏មានជំនួបជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិកា រទ្វេភាគី និងពហុភាគី និង ផ្លាស់ ប្តូរយោបល់ លើបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍ និងកង្វល់រួម។ នាយករដ្ឋមន្ត្រី ទាំងពីរ បានសម្តែងការពេញចិត្តដូចគ្នាចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា – វៀតណាម ដែល មិនចេះ រីងស្ងួត ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នា ទៅវិញទៅមក ភាពជា អ្នកជិតខាងល្អ សាមគ្គីភាព សន្តិភាព និងស្ថិរភាព។ នាយករដ្ឋមន្ត្រី ទាំងពីរបាន បញ្ជាក់ជាថ្មីពីការប្តេជ្ញា ចិត្ត ក្នុង ការថែរក្សា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេស ទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយ ចីរភាព នៅក្នុងតំបន់ និងទៅអនាគត។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជា រៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ក្នុងឆ្នាំ២០២១នេះ និងប្រធានអាស៊ានក្នុងឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង