បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ចាប់ផ្តើមទៅ ពិនិត្យ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡង
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសឲ្យបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិត្រូវទៅពិនិត្យដោយផ្ទាល់ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងរៀងៗ ខ្លួន។
ក្រសួងអប់រំ ពុំមានការផ្សព្វផ្សាយ បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងឡើយ។
សូមបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិត្រូវទៅពិនិត្យដោយផ្ទាល់ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនដោយផ្ទាល់ ដើម្បីអាចដឹងទីតាំងមណ្ឌលប្រឡង បន្ទប់ប្រឡង ជៀសវាងការភ័ន្តច្រឡំ និងយឺតយ៉ាវផ្សេងៗនាថ្ងៃប្រឡង ។
ទិដ្ឋភាពទូទៅនៃការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង៖ ២០ សីហា ២០១៨។
បញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន តារាងប្រព្រឹត្តទៅនៃវិញ្ញាសា បទប្បញ្ញត្តិប្រឡង និងប្លង់បន្ទប់ ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យទី១៩សីហានេះ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល ព្រមទាំង ៤ ៧១៦បន្ទប់។
សូមថ្លែងអំណរគុណ ដែលបានជួយរៀបចំថែរក្សា និងមើលការខុសត្រូវនៅកន្លែងផ្ញើកង់ និងម៉ូតូជូនបេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ ។
តារាងប្រព្រឹត្តទៅ នៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
ក្រសួងបានចេញប្រកាស ស្តីពី ការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ គឺមណ្ឌលសាលគរុកោសល្យខេត្តកំពត ថ្នាក់វិទ្យាសាស្ត្រចំនួន២០ ស្ថិតក្នុក្រុងកំពតត្រូវបានអនុញ្ញាតឲ្យប្តូរទីតាំង ទៅមណ្ឌលវិទ្យាល័យឯកជនវឌ្ឍនវិជ្ជា ក្រុងកំពត ខេត្តកំពត៕