ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ៧ចំណុច ដើម្បីគ្រប់គ្រង ចរន្តទេសចរនៅតាម តំបន់ទេសចរណ៍ទូទាំងប្រទេស
(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរួចមក ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំចំណុចសំខាន់ ៧ចំណុច ដូចខាងក្រោម៖
១៖ មន្ទីរទេសចរណ៍ខេត្តនានាត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើងវិញនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែក ចំពោះរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្នុងខេត្ត ឬតំបន់ដែលបានដាក់ចេញវិធានការបិទខ្ទប់ មន្ទីរទេសចរណ៍ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទគោលដៅខាងលើជាបណ្តោះអាសន្នបន្តទៀត រហូតដល់មានការសម្រេចដាក់ចេញនូវវិធានការថ្មី។
២៖ ចំពោះខេត្ត ឬតំបន់ដែលមិនមានការបិទខ្ទប់ មន្ទីរទេសចរណ៍ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។
៣៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ ការពារ» គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការ «៣ កុំ» គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ក្នុង «គន្លងថ្មី ឬ New Normal Protocol»។
៤៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវធ្វើការកត់ត្រាភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ពិសេសគ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាត មុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំនូវការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ ហើយភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល។
៥៖ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលម្ហែកម្សាន្តតែជាមួយធម្មជាតិ និងសក្តានុពលដែលមានក្នុងគោលដៅទេសចរណ៍ខាងលើ ដោយមិនត្រូវរៀបចំឲ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទទួល ទានអាហារដែលមាននៅក្នុងគោលដៅទេសចរណ៍ខាងលើ ក៏ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១.៥ ម៉ែត្រពីគ្នា)។
៦៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ។
៧៖ គ្រប់គោលដៅខាងលើ ត្រូវអនុវត្តសារាចរនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យគោលដៅទេសចរណ៍ខាងលើ បើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕