ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមអនុមោទនា បុណ្យវិសាខបូជា

414

 

ភ្នំពេញ ៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យរំលឹកដល់ព្រឹតិ្តការណ៍ដ៏ពិសេសសំខាន់ៗ៣ គឺព្រះពុទ្ធជាអម្ចាស់៖ -ទ្រង់ប្រសូត គឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខ ឆ្នាំច ។ -ទ្រង់ត្រាស់ដឹង គឺថ្ងៃ ១៥កើតពេញបូណ៌មី ខែវិសាខ ឆ្នាំរកា ។ -ទ្រង់បរិនិព្វាន គឺថ្ងៃ ១៥កើតពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ ។

សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បានថ្លែងសារលើហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃចន្ទនេះថា ថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ជាពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅព្រះរាជាណាចក្រកម្ពុជានោះទេ។

ថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែលព្រះអង្គបានប្រសូត ត្រាស់ដឹង និងចូលនិព្វាន ចំថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតរយៈពេលពីរឆ្នាំហើយ យើងមិនអាចរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះជាអធិកអធមដូចឆ្នាំមុនៗបាន។

សូមជនរួមជាតិបង្កើនការអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែសឡើយ ពីព្រោះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលគំរាមកំហែងយ៉ាងខ្លាំងក្លានៅឡើយពីសត្រូវដែលគ្មានស្រមោលនោះ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល ជាពិសេស “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា។

សម្ដេចពញាចក្រី បានមានប្រសាសន៍បន្ថែមថា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់កុំឱ្យសង្គមជាតិយើង មានការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរឡើង ។ យើងអត់ធ្មត់ តស៊ូលំបាកទាំងអស់គ្នា នៅក្នុងរយៈពេលខ្លីដើម្បីសេចក្តីសុខរបស់យើង ជារៀងរហូតដោយនៅក្នុងពេលឆាប់ៗនេះ យើងនឹងវិលទៅរកសកម្មភាពជាធម្មតាឡើងវិញ។

ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណនិងការកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងគ្មានពេលសម្រាក របស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់វិស័យទាំងកិច្ចការពារ ថែទាំ ព្យាបាលសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងងសកម្មភាពមនុស្សធម៌សព្វបែបយ៉ាង ដូចជាការផ្តល់ស្បៀងអាហារ ដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ ប្រកបដោយស្មារតីជាតិ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរៀងៗខ្លួន។

នៅក្នុងឱកាសដ៏នក្ខត្តឬក្សថ្ងៃបុណ្យវិសាខបូជានេះ សូមឱ្យប្រជាជាតិយើងបានរួចផុតពីជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង