មន្រ្តីយោធាម្នាក់ បាញ់សម្លាប់កម្មករចំការកៅស៊ូ ត្រូវបញ្ជូនខ្លួនទៅតុលាការ
រតនគិរី ៖ មន្ត្រីយោធានៅអង្គភាព ទីចាត់ការកលយុគអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានបាញ់សម្លាប់កម្មករយាមចំការកៅស៊ូម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។
ជនសង្ស័យឈ្មោះថា លី ថេងជាង អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាព ទីចាត់ការកលយុគអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទជាម្ចាស់ចំការកៅស៊ូ រីឯជនរងគ្រោះមានឈ្មោះថា រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចំការកៅស៊ូ ឲ្យជនដៃដល់។
សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់កម្មករយាមចំការកៅស៊ូនោះ មកពីជនរងគ្រោះកាន់ដែកបំពង់ទីប វាយលើរថយន្តរបស់ខ្លួន បណ្តាលឲ្យបែកកញ្ចក់ និងរបួសដៃខាងឆ្វេង ហើយបន្ទាប់ពីបាញ់រួច ជនដៃដល់ក៏បានបើករថយន្ត មកសារភាពនគរបាលនៅប៉ុស្តិ៍អូរយ៉ាដាវផងដែរ។
គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានជម្លោះរវាងមន្ត្រីយោធា និងកម្មករចំការកៅស៊ូម្នាក់ បណ្តាលឲ្យឈានដល់ការផ្ទុះអាវុធខ្លីចំនួន៥គ្រាប់ មួយគ្រាប់ត្រូវភ្លៅក្បែរជង្គង់ខាងស្ដាំ – មួយគ្រាប់នៅកំភួនជើងឆ្វេង – ២គ្រាប់ចំទ្រូងខាងឆ្វេង – ១គ្រាប់ចំដើមដៃឆ្វេង ស្លាប់បាត់បង់ជីវិតនៅពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ នៅចំនុចចំការកៅស៊ូ ស្ថិតនៅភូមិ គងយុ ឃុំបា៉តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាកCF98 មួយដើម សំបកកាទូស៥ គ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ បង់ចំនួន១ និងរថយន្តម៉ាសស្តាព័ណ៌សមួយគ្រឿង ស្លាកលេខ 2Z-9098៕