តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ជាបណ្តោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានការក្រសួងសុខាភិបាលគេចវេសមិនធ្វើចត្តាឡីស័ក ខណៈវត្ថុសំណាកធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩
ភ្នំពេញ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនបុរសម្នាក់រស់នៅខណ្ឌបឹងកេងកង ក្រោយពីព្យាបាលសះស្បើយពីជំងឺកូវីដ-១៩ ទៅចាត់ការតាមផ្លូវច្បាប់ ករណីបុរសនេះគ្រូពេទ្យតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងផ្ទះ បែរជាលួចគេចចេញទៅចូលរួមពីមង្គលការមិត្តភក្តិនៅខេត្តកំពត និងទីកន្លែងមួយចំនួនទៀត ខណៈវត្ថុសំណាករបស់បុរសរូបនេះធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ប្រាប់ឱ្យដឹងថា បុរសខាងលើឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញផែនការងារសន្តិសុខ បញ្ជូនទៅតុលាការ ហើយនៅថ្ងៃដដែលត្រូវបានចៅក្រមស៊ើបសួរ លោក កូយ សៅ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសម្រេចបទបញ្ជាថ្មីទៀត ។ បុរសរូបនេះរងការចោទប្រកាន់ពីបទ មិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល គេចវេសមិនធ្វើចត្តាឡីស័ក ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
កិច្ចងារងារនេះគឺ ក្រុមការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ជាអ្នកកសាងសំណុំរឿងបញ្ជូនបុគ្គលមិនអនុវត្តតាមវិធានសុខាភិបាលដើម្បីយកទៅអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសឈ្មោះ លាន់ ឡា មានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយបានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែបុគ្គលនេះមិនបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមវិធានក្រសួងសុខាភិបាលនោះទេ ។ លុះនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឈ្មោះ លាន់ ឡា និងមិត្តភក្តិ០២នាក់ទៀត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជាងនេះថែមទៀតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភក្តិ០២នាក់នោះធ្វើដំណើរចេញពីរាជធានីភ្នំពេញ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ហើយនៅតាមផ្លូវអ្នកបើករថយន្តក៏បានដឹកភ្ញៀវម្នាក់ទៀត ។
ស្រាប់តែនៅវេលាយប់ថ្ងៃដដែល លទ្ធផលធ្វើតេស្តរកវីរុសកូវីដ១៩ បានរកឃើញវិជ្ជាមានលើ ឈ្មោះ លាន់ ឡា ភ្លាមៗហើយក្រុមគ្រូពេទ្យបានទៅផ្ទះជួលបុគ្គលនោះ ដើម្បីយកទៅព្យាបាល ប៉ុន្តែបុគ្គលនេះមិននៅផ្ទះ ថាទៅចូលរួមមង្គលការមិត្តភ្តិនៅខេត្តកំពត ក៏បង្កឱ្យមានការភ្ញាក់ផ្អើល ។
បុគ្គលឈ្មោះ លាន់ ឡានេះ ក្រោយពីដឹងថារូបគេមានវិជ្ជមានកូវីដ១៩ ថែមទាំងនាំមិត្តភក្តិ០៥នាក់ទៀតជិះរថយន្តជាមួយគ្នាពីខេត្តកំពត មករាជធានីភ្នំពេញ ។ នៅពេលបុគ្គលនេះមកដល់ភ្នំពេញ គ្រូពេទ្យក៏បាននាំទៅព្យាបាលនៅសណ្ឋាគារ great duke ចំណែកមិត្តភក្តិទាំងនោះបាននាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ។
នៅក្នុងអំឡុងមិនធ្វើចត្តាឡីស័ក បុគ្គលនេះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ បានធ្វើឱ្យប្រជាពលរដ្ឋ២០០នាក់ទៀតពាក់ព័ន្ធដោយប្រយោលនិងនាំគ្នាធ្វើចត្តាឡីស័ក និងបានចម្លងកូវីដ១៩ទៅបុគ្គល០៣នាក់ផ្សេងទៀត ។ បុគ្គលឈ្មោះ លាន់ ឡា ក្រោយពីព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយសណ្ឋាគារgreat duke ។ បន្ទាប់មកក្រុមគ្រូពេទ្យក៏តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ខណ្ឌព្រែកព្នៅ ទើបក្រោយពីធ្វើចត្តាឡីស័កនោះហើយនៅថ្ងៃខាងលើ សមត្ថកិច្ចក៏បានចាប់បញ្ជូនទៅតុលាការចាត់តាមផ្លូវច្បាប់តែម្តង ៕