ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ដែលញុះញង់ ឱ្យប្រជាពលរដ្ឋងើបបះបោរ

51

 

ភ្នំពេញ ៖ លោកពេជ្រវិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខេមេសាឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលញុះញង់ ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល។

ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្តឹងទណ្ឌិត សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងតាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសានេះថា ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់ ក្រោមល្បិចកលបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា រហូតពេលនេះ សមត្ថកិច្ចបានទទួលរួចហើយនូវ ដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ហើយកម្លាំងសមត្ថកិច្ចក៏បាន និងកំពុងអនុវត្តតាមដីការបស់តុលាការផងដែរ។

ជាមួយនឹងការចោទប្រកាន់២បទល្មើសខាងលើ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ ក៏បានបង្គាប់កម្លាំងសាធារណៈស្រាវជ្រាវជ្រាបចាប់ និងនាំខ្លួន ហើយបង្គាប់ឱ្យពន្ធនាគារឃុំខ្លួនទណ្ឌិតនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង