ស្លាប់ស្រ្តីអាយុ ៤៦ឆ្នាំ ដោយជំងឺកូវីដ-១៩ នៅភូមិរកាធំ ឃុំជីរោទ៍ទី១
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញ សេចក្តីប្រកាសពត៌មាន ស្តីពីករណីស្លាប់ស្រ្តីអាយុ ៤៦ឆ្នាំ ដោយជំងឺកូវីដ-១៩ នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍លេខ ១២៥៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ ឈ្មោះ សុខ គឹមសឿន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់បាត់បង់ជីវិត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១និង១៨នាទី នៅមន្ទីរពេទ្យ បង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។ ប្រវត្តិអ្នកស្លាប់ខាងលើ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មាន អាការៈ ក្តៅខ្លួន ក្អក ហត់តិចៗ រយៈពេល០៨ថ្ងៃមុន ថ្ងៃចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយគាត់ បានព្យាបាលនៅផ្ទះលេបថ្នាំដែល ព្យាបាលដោយប្តីរបស់គាត់ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពជីរោទ៍ទី១។ នៅវេលាម៉ោង ១៤និង៣០នាទី នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ក៏សម្រេចចិត្តនាំមក សម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ នៅវេលាម៉ោង ១៦និង៣០នាទី ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះបន្ទាន់ភ្លាមៗទន្ទឹមនឹងនោះបានធ្វើតេស្ដរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ ដោយស្ថានភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើម តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាព អ្នកជំងឺកាន់តែ ធ្ងន់ធ្ងរឡើងៗ ដែលបណ្ដាលឲ្យអ្នកជំងឺបាន ស្លាប់បាត់បង់ជីវិតនៅ វេលាម៉ោង២១និង១៨នាទី នាថ្ងៃ ខែឆ្នាំដដែល។
ការសន្និដ្ឋាន៖ តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យ របស់ក្រុមគ្រូពេទ្យអ្នកជំងឺ សុខ គឹមសឿនបានស្លាប់ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ កូវីដ-១៩។
វិធានការ៖ សាកសពបានវេចខ្ចប់តាម លក្ខណៈបច្ចេកទេស វេជ្ជសាស្ត្ររួចបញ្ចូនដោយ រថយន្តគិលានសង្គ្រោះទៅបូជានៅវត្តភូមិចាន់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមកំ ទីបំផុតជាមួយ ក្រុមគ្រួសារសព៕