ក្រសួងសុខាភិបាល ប្រកាសពីការ ស្លាប់របស់មនុស្ស ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានផ្លូវការ បង្ហាញពីការស្លាប់របស់មនុស្ស ៦នាក់ ដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ រួមជាមួយមាន ប្រវត្តិជំងឺរលាកថ្លើមប្រភេទបេ និងជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានយកសំណាក ហើយ ទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ..អ្នក ជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើម ផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥០ នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺរលាកថ្លើមប្រភេទបេ និងជំងឺទឹក នោមផ្អែមប្រចាំកាយ។
២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦៨ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មានអាការៈឈឺទ្រូង ក្តៅខ្លួន ក្អក ហត់ រយៈពេលបីថ្ងៃដោយទទួលការព្យាបាលនៅផ្ទះមិនបានធូរស្រាល គាត់ក៏បានចូល មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០ នាទី ពេលមក ដល់មន្ទីរពេទ្យគាត់មានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ និងយកសំណាកពិនិត្យ ភ្លាមៗ ជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ដោយសារស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរខ្លាំងទោះបីក្រុមគ្រូពេទ្យបាន ខិតខំជួយសង្គ្រោះយ៉ាងណា រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់ បាត់បង់ជីវិតនៅវេលាម៉ោង ១១:៥០ នាទីព្រឹក នាថ្ងៃដដែល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។
៣- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ ជាមួយលទ្ធផលវិជ្ជមានកូវីដ ១៩ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង ព្រមទាំងមានប្រវត្តិលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ ដោយស្ថានភាពជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺមានសភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧:៤០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើ អ្នកជំងឺលើសសម្ពាធឈាម និងជំងឺទឹក នោមផ្អែមប្រចាំកាយ។
៤- មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ១ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ រស់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលមកមណ្ឌលព្យាបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងស្ថាន ភាពក្ដៅខ្លួន ចុកទ្រូង ក្អក ហត់ដង្ហក់ខ្លាំង ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យបាន ជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយ សង្គ្រោះជីវិត អ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩ : ០៨ នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។
៥- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៨០ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ព្រមទាំងមានប្រវត្តិលើសសម្ពាធឈាម និងជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (BPCO) ប្រចាំកាយ ពេលចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានយកសំណាក ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ និងជួយសង្គ្រោះភ្លាមៗ។ ដោយកា រវិវត្តិរបស់ជំងឺធ្ងន់ធ្ងរពេក មានសភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួម ទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលា ម៉ោង ១៦:៣០ នាទី នាថ្ងៃដដែល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៨០ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺលើសសម្ពាធឈាម និងជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (BPCO)ប្រចាំកាយ។
៦- មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៩៣ឆ្នាំ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទី ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ខ្លាំងពេលចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានយកសំណាក ហើយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងមានសភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺ បាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:៥៥ នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៩៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត
ជាមួយក្រុមគ្រួសារសព៕