ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ធំ សម្រេចបិទខ្ទប់ភូមិលាបទង និងបិទផ្សារស្ទោង

127

 

ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចបិទខ្ទប់ ភូមិលាបទង និងបិទផ្សារស្ទោង បណ្តោះអាសន្នដើម្បីស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ-១៩។

ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ សូមបងប្អូនដែលពាក់ព័ន្ធបន្តចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើង បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បរុស ០១នាក់ ឈ្មោះ ស៊ាង គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ត្រូវបានខេត្តសៀមរាប ផ្តល់ព័ត៌មានមកថាវិជ្ជមានកូវីដ១៩។

ទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវ និងរកឃើញថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់បុគ្គលខាងលើចំនួន០៤នាក់បានយកម្តាយទៅ ព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្ដាយគាត់ បានស្លាប់ និងបានបញ្ជាក់ដោយគ្រូពេទ្យថាអវិជ្ជមានកូវីដ១៩ ទើបអនុញ្ញាតឲ្យធ្វើបុណ្យតាមប្រពៃណី នៅភូមិលាបទង ហើយ ឈោ្មះ ស៊ាង គឹមសាន ក៏បានចូលរួម ពិធីបុណ្យសពនៅពេលនោះដែរ។ នៅថ្ងៃទី ២៣ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ស៊ាង គឹមសាន នេះ បានទៅលាងឈាមនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ មន្ទីរពេទ្យខេត្តសៀមរាប បានយកសំណាកទៅពិនិត្យនៅ មន្ទីរពិសោធន៍ ភ្នំពេញ ហើយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដដែលនេះ រដ្ឋបាលខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធ និងយកសំណាក ធ្វើតេស្តរហ័ស(Rapid Test) ចំនួន ១០៤នាក់ ដោយបានរកឃើញវិជ្ជមានចំនួន ១៣នាក់ ស្រី ០៣នាក់ ក្នុងនោះមានម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។

ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន និងសូមអំពាវនាវ ដល់អ្នកដែលបានចូលរួម បុណ្យសពនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ខាងលើ និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋម សិក្សាព្រះនាង។ ចំពោះបងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យតាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្ដាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង