ប៊ី អិន អាយ កម្ពុជា ឧបត្ថម្ភ អង្ករ១៦តោន ជូនរដ្ឋបាលរាជធានីដើម្បីជួយពលរដ្ឋដែលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩
ភ្នំពេញ៖ អង្ករ១៦តោនត្រូវបានថា្នក់ដឹកនាំ និងសមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia)
ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូល រងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅ រសៀលថ្ងៃទី២៩មេសា នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សហជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ១៦តោននេះ ជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែល ទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩(Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិត ស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕