ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី៣០ ខែមេសាស្អែកនេះ

36

 

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ។

ទីតាំងដែលត្រូវរៀបចំធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «កិច្ចដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងតំបន់ក្រហម នៃតំបន់បិទខ្ទប់ដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ក្នុង «សហគមន៍ ២០ កុម្ភៈ» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល លើកនេះ នឹងរៀបចំធ្វើពិធីបើកយុទ្ធនាការជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ នៅក្នុងបរិវេណអង្គភាពកងពលតូចថ្មើរជើងលេខ៧០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

នាយឧត្តសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ ក្រសួងការពារជាតិ នឹងចាប់ផ្ដើមបញ្ជូនក្រុមគ្រូពេទ្យជំនាញនៃកងយោធពលខេមរភូមិន្ទ ចូលទៅកាន់តំបន់បិទខ្ទប់ ដែលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុង «សហគមន៍ ២០ កុម្ភៈ» ទៅតាមបទបញ្ជាបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម»ដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា យោងតាមបញ្ជាផ្ទាល់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ និងបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាពិសេសបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កងយោធពលខេមរភូមិន្ទ ក្រោយពីធ្វើពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ និងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ការចម្លងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១តទៅ ហើយប្ដេជ្ញាចាក់ឱ្យរួចរាល់ក្នុងរយៈពេល១៥ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់រងគ្រោះទាំងនោះ។

ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំណុចសំខានៗរួមមាន៖

ទី១៖ សូមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរខណ្ឌនីមួយៗជ ផ្តល់តួលេខជាក់លាក់អំពីចំនួនប្រជាពលរដ្ឋដែលរស់នៅតាមភូមិ តាមសង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ដើម្បីធ្វើផែនការចាក់វ៉ាក់សាំង។

ទី២៖ សូមឱ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងដែលបានកំណត់។

ទី៣៖ សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះនៅក្នុងតំបន់ក្រហមមានកម្មករ និយោជិតចំនួន ៤៥ម៉ឺននាក់ ដើម្បីឱ្យក្រសួងសហការ ជាមួយកងយោធពលខេមរភូមិន្ទ រៀបចំទីតាំង តួលេខ និងកន្លែងចាក់ ព្រមទាំងអំពាវនាវឱ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងបានកំណត់។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង