ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការ​នគរបាល​ជាតិ​ ចេញ​ សេចក្តីណែនាំ​ ស្តី​ពី​ ការ​អនុវត្ត​វិធានការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​

149

 

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​ ចេញ​ សេចក្តីណែនាំ​ ស្តី​ពី​ ការ​អនុវត្ត​វិធានការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​ ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា អនុវត្តតាមសេចក្ដីណែនាំលេខ០១៦សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលបលួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវអគ្គស្នងការរង លោកប្រធាននាយកដ្ឋាន-អង្គភាព និងលោកស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានី -ខេត្ត ដូចខាងក្រោម៖

១. ត្រូវកសាងផែនការសកម្មភាព និងចាត់តាំងអនុវត្តជាបន្ទាន់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកប ដោយប្រសិទ្ធភាព ទាន់ពេលវេលា នូវរាល់សកម្មភាពនៃការនាំមនុស្សចេញ-ចូលឆ្លងដែនដោយខុសច្បាប់រួមទាំង ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ឬក៏ចល័តបំពានវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្ររបស់រាជរដ្ឋាភិបាល។

២. ផែនសន្តិសុខ ផែនយុត្តិធម៌ ផែនការពារព្រំដែន និងផែនជំនាញពាក់ព័ន្ធ ត្រូវកសាងផែនការជំនាញ សំដៅចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ និងអំពើរត់ពន្ធមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

៣.លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវ៖

– ធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការដាក់ចេញផែនការសកម្មភាពដើម្បី ជំរុញការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលបលួចនាំ ជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

– សហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិគ្រោះយោបល់ កំណត់បែងចែកភូមិសាស្ត្រទទួលខុសត្រូវក្នុងការពង្រាយកម្លាំងត្រួតពិនិត្យ ការរៀបចំ កម្លាំងឈរជើងបន្ថែម លើគោលដៅក្នុងភូមិសាស្ត្រស្មុគស្មាញ ការរាំងខ្ទប់និងលុបបំបាត់ច្រកក្រៅផ្លូវការ (របៀង ) សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំមនុស្សចេញ-ចូលឆ្លងកាត់ ព្រំដែនខុសច្បាប់ និងបទល្មើសនានាឆ្លងកាត់ព្រំដែន ព្រមទាំងសហការស្រាវជ្រាវ បង្ក្រាប តាមចាប់មេក្លោង មេខ្យល់ក្នុងប្រទេសយកមកផ្តន្ទាទោសតាមច្បាប់។

– ប្រើប្រាស់វិធានការជំនាញ ប្រមូល និងក្តាប់ឲ្យបានអំពីព័ត៌មានសកម្មភាព និងមុខសញ្ញាដែលលប លួចធ្វើសកម្មភាពនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ដើម្បីចាត់វិធានការទាន់ពេលវេលា។

– ក្នុងករណីរកឃើញការជៀតចូលរបស់ជនបរទេសដោយខុសច្បាប់ នៅត្រង់ចំណុចណាមួយនៃខ្សែ បន្ទាត់ព្រំដែន ត្រូវធ្វើការបណ្ដេញចេញនៅហ្នឹងកន្លែងត្រង់ចំណុចនោះ ក៏ប៉ុន្តែក្នុងករណីរកឃើញនៅតាម ភូមិសាស្ត្រខាងក្នុងនៃទឹកដីកម្ពុជា ត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាល ព្រមទាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់។

៤. គ្រប់ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចការសំខាន់ៗមួយចំនួនបន្ថែម ទៀតដូចជា៖

– ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការជំរុញការងារផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង និងចូលរួមក្នុងការបង្ការ ទប់ស្កាត់សកម្មភាពនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការលួចនាំជនបរទេសចល័តចេញ-ចូលនៅមូលដ្ឋាន បំពានទៅនឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្រ។

– ការគ្រប់គ្រង ត្រួតពិនិត្យចំពោះការស្នាក់នៅ ការចល័តចេញ-ចូលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបំពានទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្រដោយត្រូវ អនុវត្តវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ តាមស្ថានភាពជាក់ស្ដែង។

– ការត្រួតពិនិត្យការស្នាក់នៅ ការចល័តចេញ-ចូលរបស់ជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួនដោយត្រូវ អនុវត្តឲ្យបានហ្មត់ចត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ។ ក្នុងករណីរកឃើញមានការចល័ត ឬដឹកជញ្ជូនជនបរទេសគេចវេសពីការធ្វើចត្តាឡីស័ក ឬពីមណ្ឌលចត្តាឡីស័ក ឬក៏បំពានទៅនឹងវិធានការបិទខ្ទប់ភូមិសាស្ត្រ ត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

– ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ ដោយយកចិត្តទុកដាក់ដឹកនាំ គាំទ្រដល់ប៉ុស្តិ៍នគរបាល រដ្ឋបាល ជាពិសេសត្រូវ ចុះត្រួតពិនិត្យណែនាំការងារជំនាញ ផ្សព្វផ្សាយគោលការណ៍ថ្មីៗពាក់ព័ន្ធដល់វិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្រ ព្រមទាំងលើកទឹកចិត្តឲ្យមាន កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអប់រំ កៀរគរប្រជាពលរដ្ឋឲ្យចូលរួមសហការផ្ដល់ព័ត៌មាន ពាក់ព័ន្ធដល់សកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ ឬការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។

៥. ឯកឧត្តម លោកជំទាវអគ្គស្នងការរង ដែលត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវតាមមុខព្រួញ ទិស ភូមិភាគ ត្រូវធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការចង្អុលដឹកនាំកម្លាំងក្រោមឱវាទ ដោយត្រូវ៖

– តាមដានត្រួតពិនិត្យជាប្រចាំចំពោះការចាត់តាំងអនុវត្តផែនការសកម្មភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ និងការលួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។

– ចង្អុលដឹកនាំជាក់ស្ដែងទៅតាមភូមិសាស្ត្រ ស្ថិតក្នុងដែនសមត្ថកិច្ចដែលបានប្រគល់ជូន ជាពិសេស ត្រូវពិនិត្យ ណែនាំជំរុញនូវការអនុវត្តវិធានការនានា ក្នុងការទប់ស្កាត់ការនាំមនុស្ស ឬរត់ពន្ធមនុស្សឆ្លងដែន ខុសច្បាប់ ដោយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សកម្មភាព ប្រកបមុខរបរទទួលទានស្របច្បាប់ប្រចាំថ្ងៃ របស់ប្រជា ពលរដ្ឋនៅតាមតំបន់ព្រំដែនឡើយ។

– ក្រើនរំលឹក ដាស់តឿនដល់ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងគ្រប់ស្នងការ នៃស្នងការដ្ឋាន រាជធានី-ខេត្ត ឲ្យធ្វើការណែនាំ អប់រំជាប្រចាំដល់កម្លាំងអនុវត្តច្បាប់ អំពីវិន័យក្រមសីលធម៌ មនសិការវិជ្ជាជីវៈ ដើម្បីជៀសវាងអំពើផ្សំគំនិត បណ្ដែតបណ្ដោយឲ្យមានការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

៦. ត្រូវមានការសរសើរ ជូនរង្វាន់ លើកទឹកចិត្តដល់អង្គភាព ឬបុគ្គលដែលមានស្នាដៃ ព្រមទាំងត្រូវ អនុវត្តវិន័យតឹងរ៉ឹងបំផុត ចំពោះអង្គភាព ឬបុគ្គលដែលមានកំហុសឆ្គង ល្មើសទៅនឹងវិន័យកងកម្លាំង។ ករណីធ្ងន់ធ្ងរ ត្រូវចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង។ ទទួលបានសេចក្ដីណែនាំខាងលើនេះ ស្នើឯកឧត្តម លោកជំទាវអគ្គស្នងការរង លោកប្រធាន នាយកដ្ឋាន-អង្គភាពជំនាញពាក់ព័ន្ធ លោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ត្រូវចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង