យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនៅតាមខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ក្រសួងការពារជាតិ នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តទៅ ហើយប្ដេជ្ញាចាក់ឱ្យរួចរាល់ក្នុងរយៈពេល១៥ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់រងគ្រោះទាំងនោះ។
ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំណុចសំខានៗរួមមាន៖
១) សូមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរខណ្ឌនីមួយៗជ ផ្តល់តួលេខជាក់លាក់អំពីចំនួនប្រជាពលរដ្ឋដែលរស់នៅតាមភូមិ តាមសង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ដើម្បីធ្វើផែនការចាក់វ៉ាក់សាំង។
២) សូមឱ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងដែលបានកំណត់។
៣) សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះនៅក្នុងតំបន់ក្រហមមានកម្មករ និយោជិតចំនួន ៤៥ម៉ឺននាក់ ដើម្បីឱ្យក្រសួងសហការ ជាមួយកងយោធពលខេមរភូមិន្ទ រៀបចំទីតាំង តួលេខ និងកន្លែងចាក់ ព្រមទាំងអំពាវនាវឱ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងបានកំណត់។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕