ការព្រួយរបស់អ្នកនាំពាក្យពិសេសអង្គការសិទ្ធិមនុស្ស ធ្វើឡើងខុសកាលៈទេសៈ និងបារម្ភជ្រុលជំនួស ជនមានពិការភាពកម្ពុជាពេក!
ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងចាក់ទុកខ្លួនលោកជាមនុស្សមានពិការភាព ហើយសម្តេចតេជោតែងមានការឈឺចាប់ នៅពេលមានបុគ្គលអគតិជេរប្រមាថ ឬម៉ាក់ងាយដល់ជនមានពិការភាព រហូតដល់កម្ពុជាបានអនុម័តច្បាប់មួយ ដើម្បីការពារផលប្រយោជន៍ជនមានពិការភាព តាំងពីឆ្នាំ២០០៩មកម្ល៉េះ នោះគឺច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកដឹកនាំកម្ពុជាឱ្យឆ្លងផុតរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតដល់កម្ពុជាមានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃ សម្តេចតែងបានគិតពីជនមានពិការភាពជាអាទិភាព រួមទាំងអតីតយុទ្ធជនដែលមានពិការភាពផងដែរ។ បើនិយាយពីសមិទ្ធផលលើវិស័យពិការភាពនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ខ្ញុំសរសេរ ១០០ទំព័រក៏មិនទាន់អស់ផង រហូតដល់កម្ពុជាបានក្លាយជាគំរូប្រទេសជិតខាង ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពទៀតផង។
ចំណែកឯច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធវិស័យពិការភាពបានដាក់ចេញ ឱ្យអនុវត្តជាហូរហែនិង ទទួលបានលទ្ធផលគួរជាទីមោទកភាព សូម្បីតែសង្គមស៊ីវិល ដៃគូអភិវឌ្ឍក៏ធ្លាប់បានលាន់មាត់សរសើរ ដល់ឆន្ទៈរបស់កម្ពុជាក្នុងការលើកស្ទួយវិស័យពិការភាពផងដែរ។
ទន្ទឹមនឹងនេះ អនុសញ្ញាអន្តរជាតិនានា ក៏កម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីបង្កើនការលើកស្ទួយសុខុមាលភាព ជនមានពិការភាពនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។
មកដល់បច្ចុប្បន្ននេះ បើទោះបីជាច្បាប់ចាស់តាំងពី២០០៩ គឺច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ កំពុងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្តី ក៏សម្តេចតេជោនាយករដ្ឋមន្ត្រីនៅផ្តួចផ្តើមគំនិតឱ្យធ្វើវិសោធនកម្ម លើច្បាប់ថ្មី ដែលគ្រោងដាក់ឈ្មោះថា “ច្បាប់ស្តីពីកិច្ចគាំពារជនមានពិការភាព” ដើម្បីបម្រើផលប្រយោជន៍ដល់ជនមានពិការភាព នៅកម្ពុជារឹតតែទទួលបានច្រើនជាងមុនស្របតាមបរិបទថ្មី នៃភាពជឿនលឿន និងអភិវឌ្ឍន៍របស់កម្ពុជា។
ត្រង់ចំណុចនេះ យើងអាចនិយាយបានដោយមោទកភាពថា បើទោះបីជាកម្ពុជាមានច្បាប់សម្រាប់ជនមានពិការភាព និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យពិការភាពក្តី ក៏នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាមិនទុកច្បាប់ទាំងនោះ ចោលឱ្យហួសសម័យកាល (Out of date) នោះទេ។
ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីកិច្ចគាំពាំរជនមានពិការភាព ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ទិសដៅយ៉ាង ជាក់លាក់ក្នុងការតាក់តែសេចក្តីព្រាងច្បាប់ថ្មីនេះគឺ “គិតពីផលប្រយោជន៍ជនមានពិការភាពកម្ពុជាអាទិភាព”។
ពាក្យមួយម៉ាត់ថា “គិតពីផលប្រយោជន៍ជនមានពិការភាពកម្ពុជាអាទិភាព” ល្មមអ្នកនាំពាក្យពិសេសនិង ជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិយល់បាន ប្រសិនបើយើងជាអ្នកជំនាញ ពិតប្រាកដនិងមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា “ការដាក់ឱសានវាទ ៤៨ម៉ោង ឱ្យយើងខ្ញុំបកស្រាយការព្រួយបារម្ភ របស់អស់លោក គឺមិនខ្លីពេលទេ ប៉ុន្តែគ្រាន់តែមិនចំពេលវេលាដែលត្រូវធ្វើ ព្រោះយើងខ្ញុំស្ថិតក្នុងដំណាក់កាល នៃការធ្វើសេចក្តីព្រាង ដែលនៅផ្លូវវែងឆ្ងាយទៀតត្រូវធ្វើការពិគ្រោះយោបល់មុន ឈានទៅអនុម័តច្បាប់ថ្មីនេះ។ ខ្ញុំសូមស្វាគមន៍ចំពោះសំណើ ឬការផ្តល់យោបល់ ឬការផ្តល់ធាតុចូលដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីនោះគ្រប់ជ្រុងជ្រោយ ដែលមានផលប្រយោជន៍ដល់ជនមានពិការភាព នៅកម្ពុជារបស់យើងខ្ញុំ។ ប៉ុន្តែគួរតែមិនមែនជាការរិះគន់ បន្ទោសបង្អាប់ ឬយ៉ាងហោចណាស់អស់លោកត្រូវឈ្វេងយល់ពីតម្លៃរបស់អ្នកតាក់តែងនិងអ្នកផ្តល់ធាតុចូលកន្លងមក ដែលរួមបញ្ចូលទាំងមន្ត្រីជំនាញរបស់អស់លោក តំណាងសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងក្រសួងស្ថាប័នរបស់រដ្ឋ ពិសេសបំផុតគឺជនមានពិការភាពរាប់សិបនាក់បានចូលរួមផ្តល់ធាតុចូលទាំងវេទិកាចង្អៀតនិងទូលាយដែលខ្ញុំរាប់មិនអស់ផង។ ម្យ៉ាងរវាងអ្នកថានិងអ្នកធ្វើគឺខុសគ្នា!
អ្វីដែលខ្ញុំមានការចាប់អារម្មណ៍ លើកង្វល់របស់អ្នកនាំពាក្យពិសេស និងជាអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិនោះ គឺអស់លោកបានយល់ដឹងពីដំណើរការរៀបចំសេចក្តីព្រាង និងពិគ្រោះយោបល់បាន ធ្វើឡើងយ៉ាងទូលំទូលាយដែរ ហើយស្ថិតក្នុងដំណាក់កាលនៃការធ្វើសេចក្តីព្រាងនៅឡើយ ប៉ុន្តែបែរជាយកសេចក្តីព្រាងច្បាប់របស់យើងខ្ញុំនេះ ទៅបកប្រែដោយ គ្មានសុំសិទ្ធិ ពីយើងខ្ញុំ រួចបែរជាវាយតម្លៃថា ច្បាប់ថ្មីនេះមិនត្រូវបានអនុវត្តពេញលេញជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ មិនស្របតាមស្តង់ដារ សិទ្ធិមនុស្សទៅវិញ”។
លោកបន្តថា “ការចោទប្រកាន់យើងខ្ញុំថាធាតុចូលមួយចំនួនដែលទទួលបានដោយភាគីពាក់ព័ន្ធ និងដៃគូរួមទាំង ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលមិនត្រូវបានក្រុមប្រឹក្សាសកម្មភាពជនពិការ យកមកដាក់ពិចារណា! តើអស់លោកបានព័ត៌មាននិងភស្តុតាងមកពីណា ដើម្បីចោទប្រកាន់យើងខ្ញុំដែលថា មិនទទួលយកធាតុចូល របស់អស់លោក? តើមូលដ្ឋាននៃការចោទប្រកាន់នេះផ្អែកលើសេចក្តីព្រាងច្បាប់ ឬចោទដោយមិនមានមូលដ្ឋាន។
ជាពិសេស អស់លោកមានការព្រួយបារម្ភ អំពីការពិតដែលថាសេចក្តីព្រាងច្បាប់នេះ មិនរាប់បញ្ចូលសិទ្ធិមួយចំនួន ដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយក៏មិនបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋ ក្នុងនាមជាអ្នកកាន់កាតព្វកិច្ចដើម្បីអនុវត្តសិទ្ធិបែបនេះដែរ។ លើសពីនេះទៀត អស់លោកកត់សម្គាល់ថា សេចក្តីព្រាងច្បាប់នេះក៏ មានបទប្បញ្ញត្តិស្តីពីការពិន័យជាច្រើន ដែលមិនត្រូវគ្នានឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
យើងខ្ញុំសូមជម្រាបថា រាល់ពេលពិភាក្សាម្តងៗ យើងខ្ញុំបានយកសៀវភៅច្បាប់ជាច្រើនទាំងច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងគេហទំព័រជាច្រើនយកមកធ្វើជាអំណះអំណាង ដើម្បីពិនិត្យឱ្យបានលម្អិត (មានរូបថតជាភស្តុតាង)។
យើងខ្ញុំសូមជម្រាបថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាពខ្លួនឯង មានបាវចនានិងច្បាប់ជាតិជាគោលនោះ គឺច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំមានសិទ្ធិគ្រប់យ៉ាងក្នុងការទទួលយក ឬមិនទទួលយកធាតុចូលរបស់លោកអ្នកដែលមិនសមរម្យ និងមិនត្រូវបរិបទប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា “យ៉ាងណាមិញ ខ្ញុំសូមជម្រាបជូនថា អនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន តាំងពីឆ្នាំ២០១២ និងបានចូលជាធរមានតាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយយើងខ្ញុំបានអនុវត្ត អនុសញ្ញានេះ បានគ្រប់មាត្រារួចមកហើយនាពេលកន្លងមក។ តើមានហេតុផលណាសមរម្យដែលច្បាប់ថ្មី ដែលយើងខ្ញុំកំពុងតាក់តែងនេះ ត្រូវទៅចម្លងហើយសរសេរឡើងវិញ (copy & paste) អំពីគ្រប់មាត្រាដែលបាន ចែងក្នុងអនុសញ្ញាយកមកដាក់ក្នុងច្បាប់ថ្មីនេះឡើងវិញ។ ក្រែងអនុសញ្ញាស្តីពីសិទ្ធិជនពិការនោះ យើងខ្ញុំបានផ្តល់ សច្ចាប័នរួចមកហើយ ឬមួយក៏ស្តង់ដារអន្តរជាតិនៃការតាក់តែងច្បាប់ជាតិ នៅប្រទេសដទៃ គេត្រូវទៅចម្លងហើយ សរសេរឡើងវិញ (copy & paste) បែបនោះ។
ប្រជាជនកម្ពុជាទទួលទានប្រហុកឬបាញ់ឆែវ ឯលោកអ្នកទទួលទានឈឺសឬភីហ្សា យើងមិនអាចបង្ខំគ្នាបានទេ!
សរុបមកវិញ សេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចគាំពារជនមានពិការភាព នៅពេលនេះគឺមានសំឡេងជនមានពិការភាពច្រើន រាប់មិនអស់ដែលបានគាំទ្រទាំងសំណេរតាក់តែងនិងនីតិវិធី ព្រមទាំងដំណើរការ បើទោះបីជានៅសល់ផ្លូវវែងឆ្ងាយទៀត ដែលយើងខ្ញុំត្រូវនៅបន្តនីតិវិធី។ ពោលគឺមានមនុស្សគាំទ្រសេចក្តីព្រាងច្បាប់នេះ ច្រើនជាង ៩៥% នៃអ្នកដែលបានផ្តល់ធាតុចូល នោះគឺយើងខ្ញុំសម្រេចហើយ ម្យ៉ាងវាគឺជាស្តង់ដារលទ្ធិប្រជាធិបតេយ្យផង។
សូមជម្រាបថា នេះគ្រាន់តែជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ ការឆ្លើយតបជាផ្លូវការនឹងត្រូវបានធ្វើឡើង នៅពេលក្រោយ។ ជាចុងក្រោយ ខ្ញុំសូមបង្ហោះជូននូវរូបថតសកម្មភាពមួយចំនួន ដែលយើងខ្ញុំបានការពិភាក្សាលើសេចក្តីព្រាងច្បាប់ថ្មីនេះ គឺមិនធ្វើគ្រាន់តែល្អមើលឬធ្វើលំៗនោះទេ។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់បានឯកភាព ដោយប្រមុខរាជរដ្ឋាភិបាល យើងខ្ញុំស្វាគមន៍ការផ្តល់ធាតុចូល តាមបរិបទប្រទេសកម្ពុជា៕