ប្រទេស CLMV បានទទួលនូវវឌ្ឍនភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។
ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។
សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ការសម្របសម្រួល ក្នុងកិច្ចប្រជុំនេះ។
ក្នុងរយៈពេល ១៤ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋនៃប្រទេសទាំងបួនបានពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្អែកលើស្មារតីមិត្តភាពទាក់ទងនឹង បញ្ហាប្រឈមរបស់ CLMV និងរួមគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតួនាទីរបស់ CLMV សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និងតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេស CLMV បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃវិស័យអាទិភាពចំនួន៨ រួមមាន វិស័យដឹកជញ្ជូន, ការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ, ឧស្សាហកម្ម , ទេសចរណ៍, ការអភិវឌ្ឍន៍ ធនធានមនុស្ស, កសិកម្ម, ថាមពល, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។
ដើម្បីសំរេចគោលបំណងនេះ យើងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការសម្របសម្រួល យ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ CLMV និងការតភ្ជាប់ប្រជាជនជាមួយគោលដៅអាទិភាពដូចខាងក្រោម៖
១)ស្តីពីកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូនប្រទេស CLMV ត្រូវបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង និងសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន និងចលនាប្រជាជនរបស់ប្រទេស CLMV ។ ត្រូវបន្តលើកកម្ពស់ពាណិជ្ជកម្ម ឆ្លងកាត់តាមការធ្វើសុខដុមនីយកម្មនីតិវិធី ពាណិជ្ជកម្មតាមព្រំដែន ការអភិវឌ្ឍន៍នៃបណ្តាញទីផ្សារព្រំដែន និងការសម្របសម្រួលនៃការវិនិយោគរបស់សហគ្រាស CLMV នៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។
២)ចំពោះវិស័យឧស្សាហកម្មបណ្តាប្រទេស CLMV បានផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ឬឧស្សាហកម្ម ពិសេសយន្តការគាំទ្រ សម្រាប់សហគ្រាសធុនតូច និងមធ្យមក៏ដូចជា ការលើកកម្ពស់ភាពជាសហគ្រិនឆ្លាតវៃ និងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ក្នុងស្តង់ដារ និងការធ្វើសុខដុមនីយកម្ម សមស្របដើម្បីកាត់បន្ថយ ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម។
៣)សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេស CLMV នឹងជំរុញការកាត់បន្ថយឧបសគ្គ ដែលមិនចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងប្រទេស CLMV និងទាក់ទាញភ្ញៀវទេសចរចូលមកកាន់ប្រទេស CLMV កាន់តែច្រើនជាពិសេស ជំរុញភាពជាដៃគូនៃផ្នែកឯកជនសាធារណៈក្នុងចំណោមបណ្តាប្រទេស CLMV ។
៤) កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្ស ជាផ្នែកមួយផ្សេងទៀតដែលប្រទេស CLMV បានប្តេជ្ញាជំរុញតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការអនុវត្ត ជាពិសេសការអប់រំវិជ្ជាជីវៈបច្ចេកទេស ការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សអោយមានគុណភាពខ្ពស់ និងបំពេញនូវតម្រូវការទីផ្សារការងារ បង្កើតមូលដ្ឋានទិន្នន័យ កម្មវិធីទីផ្សារការងារ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកកម្ពស់កម្មវិធីរួមគ្នា ក្នុងចំណោមស្ថាប័នបណ្ដុះបណ្ដាលភាសា និងភាសារបស់ CLMV និងកម្មវិធីផ្លាស់ប្តូររវាងមន្ត្រីអប់រំអ្នកជំនាញគ្រូបង្រៀនអ្នកគ្រប់គ្រង សិស្សនិស្សិត បង្កើតការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់គ្រូបង្រៀន និងគ្រូបង្ហាត់វិជ្ជាជីវៈក្នុងចំណោមប្រទេស CLMV ។
៥)បណ្ដាប្រទេស CLMV បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម តាមរយៈការបង្កើនផលិតផល និងពិពិធកម្មជំរុញការដាំដុះ កសិឧស្សាហកម្មសម្រាប់ការនាំចេញ និងកែច្នៃតាមរយៈការអនុវត្ត«កិច្ចសន្យាកសិកម្ម»និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងព្រៃឈើតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
៦)លើវិស័យថាមពលយើងត្រូវលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការថាមពល កាន់តែច្រើនជាពិសេសការតភ្ជាប់បណ្តាញអគ្គីសនី ការធ្វើពាណិជ្ជកម្មថាមពល និងការផ្លាស់ប្តូរថាមពលការកសាងសមត្ថភាព និងជំនួយបច្ចេកទេសដោយផ្អែកលើក្របខ័ណ្ឌអភិវឌ្ឍន៍ចីរភាព ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមទាំងផលិតកម្ម នៃថាមពលស្អាតបង្កើនប្រសិទ្ធភាពថាមពល និងការអភិរក្ស។
សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ប្រទេស CLMV ត្រូវពន្លឿនការកសាងសមត្ថភាពលើជំនាញឌីជីថល ដើម្បីរៀបចំសម្រាប់បដិវត្តនៃសេដ្ឋកិច្ចឌីជីថល លើកកម្ពស់ការតភ្ជាប់ឆ្លងកាត់ព្រំដែន និងសេវាកម្ម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមអ៊ីនធឺណែតសកម្មភាពសេដ្ឋកិច្ច និងវប្បធម៌សង្គម។ ទន្ទឹមនឹងនេះយើងក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើសន្តិសុខអ៊ិនធឺរណែតរួមទាំងកិច្ចសហប្រតិបត្តិការ រវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកកុំព្យូទ័រនៃប្រទេស CLMV (CLMV CERTs) ផងដែរ៕