ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្ក ចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ

59

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាមតិយោបល់ផ្សេងៗ អំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយនិងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា “មានការរើសអើង” នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនដូចខាងក្រោម ៖ ចាប់តាំងពីការផ្តើមអនុវត្ត នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ រហូតមកដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវអំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុលសេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានាក្នុង វិស័យឯកជនទាំងក្នុងលក្ខណៈជាក្រុមហ៊ុននិងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន ។

អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូន ពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបញ្ជួន មកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យ បាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់ក្រហម ។
ចំពោះយន្តការនៃការបែងចែក គឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយបាន យកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយតម្លាភាព បានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្ក ចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការ ស្បៀងអាហារបន្ទាន់ និងសូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃប្រជាពលរដ្ឋ រងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួម ហើយរដ្ឋបាល រាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយ ឱ្យបានចំគោលដៅជូនប្រជាពលរដ្ឋ ដែលមានតម្រូវការស្បៀង អាហារបន្ទាន់ចំពោះមុខបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់ និងគោរពឱ្យបាននូវការរក្សា គម្លាតសុវត្ថិភាពសង្គម រក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរព តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ៕

   

អត្ថបទដែលជាប់ទាក់ទង