ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការងារបណ្តោះអាសន្ន អនុសេនីយ៍ទោ អៀ គាវាសនា បាញ់គោងាប់២ក្បាល

617

 

ព្រះវិហារ ៖ បន្ទាប់ពីបាញ់គោងាប់២ក្បាលរួចមក លោកឧត្តមសេនីយ៍ទោ​ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នលោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ នាយផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកឆែប នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា សាមីខ្លួនដែលមានឈ្មោះ អនុសេនីយ៍ទោ អៀ គាវាសនា ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្តីសម្រេចជាថ្មី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមជម្រាបជូន
បណ្តាញសារព័ត៌មាន និងសាធារណៈជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) មេត្តា
ជ្រាបថា ៖ ថ្មីៗនេះ មានសារព័ត៌មាន បានចុះផ្សាយករណីមន្រ្តីនគរបាលស្រុកឆែបម្នាក់បាន
បាញ់គោប្រជាពលរដ្ឋ បណ្តាលឱ្យងាប់ចំនួន០២ក្បាល នៅក្នុងចំការដំឡូង និងស្រូវពង្រោះរបស់ខ្លួនពិតប្រាកដមែន។

​កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចស្រែប្រឡាយដូនណាង
ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ អាយុ៣៤ឆ្នាំ អត្តលេខ៦១២១១ ជានាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប
បានចេញពីអង្គភាព នៅវេលាម៉ោង១១និង០០នាទី ក៏បានឆ្លៀតទៅធ្វើរបងចំការនៅកន្លែងកើតហេតុខាងលើ
ពេលនោះបានឃើញហ្វូងគោ កំពុងចូលលុកលុយស៊ីស្រូវ និងដំឡូងរបស់ខ្លួន ឃើញដូច្នោះក៏បានទៅយកអាវុធ
AK47 ពីក្នុងឡានបាញ់ចំនួន០៣គ្រាប់ តែស្អុយ០១គ្រាប់ បណ្តាលឱ្យគោងាប់ចំនួន០២ក្បាល នៅក្នុងចំការ ដែល
គោចំនួន០២ក្បាលនោះ ត្រូវជាកម្មសិទ្ធិរបស់ឈ្មោះ រឹម សៀក ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ។

ដោយហេតុថា ហ្វូងគោនេះ បានចូលលុកលុយស៊ីស្រូវ និងដំឡូងទាំងយប់ទាំងថ្ងៃជាច្រើនដងមកហើយ ហើយក៏បានជម្រាបជូនមេភូមិ មេឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចាប់ចងគោក្របី ពីព្រោះរដូវនេះ ជារដូវប្រជាពលរដ្ឋធ្វើស្រែចំការហើយ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង០៣នាទី នៅផ្ទះឈ្មោះ រឹម សៀក (ត្រូវជាប្រពន្ធ
លោក ផេង សុផល) ជាម្ចាស់គោដែលងាប់ចំនួន០២ក្បាលនោះ។ ដោយបានព្រមព្រៀងស្រុះស្រួលគ្នាជាមួយ
ម្ចាស់គោទទួលយកសំណង ពីលោកអនុសេនីយ៍ទោ អៀ គាវាសនា ចំនួន៥,០០០,០០០រៀល (ប្រាំលានរៀល) ដើម្បីបញ្ចប់រឿង។

ដោយឡែកលោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ ត្រូវបានលោកឧត្តមសេនីយ៍ទោ
ស្នងការនគរបាលខេត្ត ចេញសេចក្តីសម្រេចលេខ៧៦/២១ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្អាកការងារ
បណ្តោះអាសន្នមន្រ្តីនគរបាលជាតិរូបនេះ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង