ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ស្វែងរកមើលអន្ទាក់ដែលពួកព្រានបានដាក់ខុសច្បាប់ដើម្បីចាប់សត្វព្រៃ

45

 

ខេត្តមណ្ឌលគិរី ៖ កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS សហការជាមួយសហគមន៍មូលដ្ឋានបានចុះបំពេញការងារទីវាលនៅតាមតំបន់សំខាន់ៗមួយចំនួនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្វែងរកមើលអន្ទាក់ដែលពួកព្រាន បានដាក់ខុសច្បាប់ដើម្បីចាប់សត្វព្រៃ និងស្រាវជ្រាវបន្ថែមអំពីវត្តមាននៃប្រភេទសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជ។

ក្រុមការងារបានចំណាយពេលចំនួនមួយសប្តាហ៍ ដើររុករកតាមតំបន់គោលដៅសំខាន់ៗ និងដោះបានអន្ទាក់ចំនួន ៣១អន្ទាក់ ដែលអន្ទាក់ទាំងនេះគឺជាកត្តាគំរាមកំហែង ដ៏ធំមួយរួមចំណែកក្នុងការសម្លាប់សត្វព្រៃគ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក។

ក្រុមការងារក៏បានត្រឡប់ទៅកាន់ទីតាំងចាស់ ដែលពួកគេបានដាក់បង្កប់ម៉ាស៊ីនថតសត្វព្រៃស្វ័យ ប្រវត្តិចំនួន ១០គ្រឿងកាលពីខែ មីនា កន្លងទៅ ដើម្បីតាមដានវត្តមាននៃប្រភេទសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជបំផុត និងបានដោះយកម៉ាស៊ីនថតទាំងនោះចំនួន ៨គ្រឿង ត្រឡប់មកការិយាល័យវិញដើម្បីទាញយកទិន្នន័យ។

មានប្រភេទសត្វព្រៃសំខាន់ៗមួយចំនួន ត្រូវថតបានដោយម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្តិ ក្នុងកំឡុងពេលពីខែ មីនា ដល់ ចុងខែ មេសា កន្លងទៅ។ ប្រភេទសត្វព្រៃសំខាន់ៗទាំងនោះ រួមមាន៖ ប្រើស ខ្ទីង ស្វាត្រោស ឈ្លូស ជ្រូកព្រៃ កាំប្រមា ក្ងោក ស្វាអង្គត់ ស្តេចកូលីត និងស្កាធំ។

សូមអរគុណចំពោះក្រុមការងារ ស្រាវជ្រាវសត្វព្រៃដែល មានការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីអភិរក្ស៕

អត្ថបទដែលជាប់ទាក់ទង