រដ្ឋមន្រ្តីអប់រំ៖ ថ្ងៃទី១ នៃការប្រឡងបាក់ឌុប មិនបានឃើញសិស្សណាម្នាក់ កាន់សំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង បើប្រៀបធៀបនឹង៥ឆ្នាំមុខ គឺខុសគ្នាឆ្ងាយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ សីហា ២០១៨ ជាថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា។
គ្រប់មណ្ឌលប្រឡងទាំងអស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រី អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)។
ជាមួយគ្នានោះដែរ លោកហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវនជនិងកីឡា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងពេលដែលថ្នាក់ដឹកនាំ ចុះពិនិត្យការប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិថា សកម្មភាពទូទៅក្នុងពេលបំពេញការងាររបស់គណៈកម្មការកណ្ដាលនៅតាមមណ្ឌលសំណេរ ក្នុងដំណើរការប្រឡងសំណេរ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ប្រកបដោយការទួលខុសត្រូវ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ។
ការបើកហិបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការវិញ្ញាសា នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស មានការបើកហិបវិញ្ញាសាសម្រាប់ដំណើរការសំណេរ ដោយមានការអញ្ជើញជាកិត្តិយសដោយ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី និងលោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយថ្នាក់ដឹកនាំ គណៈអភិបាលរាជធានី ខេត្ត គណៈមេប្រយោគទូទាំងប្រទេស អប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ និងអ្នកពាក់ព័ន្ធ និងមានការសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដើម្បីពិនិត្យភាពបិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន នាវិទ្យាល័យព្រះស៊ីសុវត្ថិ។
លោករដ្ឋមន្រ្តី បានថ្លែងថា “ការប្រឡងនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បើទោះបីជាមានបញ្ហាហានិភ័យមួយចំនួន ដោយទឹកជំនន់ គឺការៀបចំបានល្អ ហើយក្រសួងបានដូរមណ្ឌលប្រឡងតែមួយមណ្ឌលទេ គឺនៅខេត្តកំពត។ ជារួមដំណើរការប្រឡងគឺអាចសម្រេចបាន ដោយសារការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយបានគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រឡងនេះ ទើបការប្រឡងបានសម្រេចដោយជោគជ័យ ធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថរបស់សិស្ស និងគ្រូ។ ការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អ ហើយថ្ងៃនេះយើងមិនបានឃើញសិស្សណាម្នាក់ កាន់សំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិចចូលក្នុងមណ្ឌលប្រឡងនោះទេ បើប្រៀបធៀបនឹង៥ឆ្នាំមុខ គឺខុសគ្នាឆ្ងាយមែនទែន ហើយយើងក៏ឃើញថា ទាំងអនុរក្ស និងមេប្រយោគបានបំពេញការងាររបស់ខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់”។
លោករដ្ឋមន្រ្តី បានថ្លែងថា ការប្រឡងនេះ ផ្អែកលើកគោលការណ៍៤ គឺតម្លាភាព អនុវត្តន៍ច្បាប់ យុត្តិធម៌ លទ្ធផលអាចទទួលយកបាន គឺអ្នកចេះ គឺជាប់ ហើយការធ្វើកំណែទម្រង់លើវិស័យអប់រំ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលលើពីអ្វីដែលរំពឹងទុក។
ចំណែកលោកឃាង សេង បានមានប្រសាសន៍ថា ការសហការគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់នេះ គឺមិនមែនជាការដាក់ដោយឡែកពីគ្នានោះទេ គឺការដែលធ្វើរួមគ្នា យកលទ្ធផលតែមួយដូចៗគ្នា ដើម្បីជោគជ័យសម្រាប់ការប្រឡងនេះ ។ អ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអង្គភាពអំពើពុករលួយ នឹងបង្ហាញនូវភស្តុតាងមួយ ដើម្បីបញ្ជាក់អំពីលទ្ធផលប្រឡង ដល់កម្រិតណា និងទទួលយកបាន ហើយសង្ឃឹមថាការប្រឡងនេះ នឹងកាត់បន្ថយនូវកម្រិតអវិជ្ជមានដែលកើតឡើងនាពេលកន្លងមក និងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រឡងនេះធានាបាននូវសណ្តាប់ធ្នាប់ល្អ នូវគ្រប់មណ្ឌលប្រឡងទាំងអស់ក្នុងរាជធានីភ្នំពេញ ។ ក្នុងនាមជាអាជ្ញាធរាជធានី នឹងខិតខំប្រឹងប្រែងការពារសន្តិសុខ សុវត្ថិភាព ធ្វើចរាចចរណ៍ជូនដល់សិស្ស ដើម្បីចូលទៅក្នុងមណ្ឌលប្រឡង និងបានជួយឧបត្ថម្ភទៅដល់កន្លែងផ្ញើកង់ ម៉ូតូ ដើម្បីមិនឲ្យតម្លៃផ្ញើពីសិស្សនោះទេ និងកាត់បន្ថយការចំណាយរបស់សិស្ស និងលើកទឹកចិត្តដល់សិស្សក្នុងការប្រឡង។ លោក បន្តថា យើងមិនមែនមើលការងារសន្តិសុខសុវត្ថិភាពក្នុងពេលប្រឡងនេះទេ ទោះក្រោយពេលប្រឡងក្នុងពេលប្រកាសលទ្ធផល ក៏ត្រូវតែមើលដែរ ព្រោះពួកគាត់បានទទួលផលល្អ ហើយមានការសប្បាយរីករាយពេក ជិះម៉ូតូតាមដងផ្លូវ អាចធ្វើឲ្យមានគ្រោះថ្នាក់ចរាចរ ក៏ជាបញ្ហាដល់សង្គមជាតិ ដូច្នេះអាជ្ញាធរបានធ្វើការផ្សព្វផ្សាយដល់មាតាបិតាសិស្ស និងបេក្ខជនប្រឡងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន។
ចំណែកលោកហ៊ុន ម៉ានី បានបញ្ជាក់ថា ឥរិយាបថរបស់កូនសិស្សពីមួយឆ្នាំទៅមួយឆ្នាំ រិតតែយល់ដឹងថាតើភាពជោគជ័យ ឬមិនជោគជ័យវាស្ថិតនៅលើខ្លួនឯង ចំណែករាជរដ្ឋាភិបាល នាយកសាលា លោកគ្រូអ្នកគ្រូ បានត្រឹមតែខំបង្រៀន និងបានឲ្យពួកគាត់ខិតខំរៀនបន្ថែម រំលឹកមេរៀនបន្ថែមមុននឹងចូលប្រឡង ។ លោកបន្តថា ” ភាពជោគជ័យ ឬមិនជោគជ័យ គឺពឹងផ្អែកទៅលើគាត់ ប្រឹងប្រែងខ្លួនឯង ត្រៀមខ្លួនយ៉ាងណា គឺពិតជាមានសារសំខាន់ណាស់ ហើយការបណ្តុះយុវជន ឲ្យដឹងខ្លួនឯង ត្រូវការត្រៀមខ្លួនឯង ប្រឹងខ្លួនឯង ទទួលជោគជ័យខ្លួនឯង ហើយជាងនេះទៅទៀត ត្រូវជឿជាក់លើខ្លួនឯង ពិតជាទទួលបានជោគជ័យ ជាក់ជាមិនខានឡើយ”។ លោកបានថ្លែងថា មិនមែនត្រឹមតែការប្រឡងបាក់ឌុបទេ ផ្អែកតាមស្មារតីអប់រំចិត្តនេះ សង្ឃឹមថាជាមូលដ្ឋានមួយ ក្នុងការប្រកួតប្រជែងរបស់កូនខ្មែរ គ្រប់ជំនាន់ទៅថ្ងៃអនាគតផងដែរ”។
សូមបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងនេះ នឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញា៕