ដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តស្នេហ៏ ទុំ និងទាវ “
ត្បូងឃ្មុំ៖លោកអភិបាលខេត្តត្បូងឃ្មុំ ៖ ដើមពោធិ៍ ដែលរលំ ពុំមែនជាដើមពោធិ៍ប្រវត្តិស្នេហា“ទុំទាវ”ទេ។ ថ្វីបើមិនមែន អាជ្ញាធរនឹងធ្វើការរៀបចំដាំដើមពោធិ៍ធំដែលរលំនោះឡើងវិញ។
ស្របពេល ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ខ្លាំង កើតមានស្ទើរតែទូទាំងខេត្តក្រុង ក្នុងប្រទេសកម្ពុជា នាល្ងាចថ្ងៃទី០៦ ឧសភា ២០២១នេះ នៅលើបណ្តាសង្គមហ្វេសប៊ុកមានការចែកចាយរំលែកបន្តយ៉ាងច្រើន នូវរូបភាពប៉ុន្មានសន្លឹក ពីគណនីមួយឈ្មោះថា Lida Sea អមដោយសារដាក់ថា «ដើមពោធិ៍ ប្រវត្តិស្នេហា រឿងទុំទាវ នៅស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍ជើងខាល ជាសាក្សី ពេលនេះ ត្រូវខ្យល់បោកបក់ដួលរលំហើយ ឱដើមឈើស្នេហ៌អើយ មានអារម្មណ៍ថា សោកស្តាយខ្លាំងណាស់ ដើមពោធិ៍សាក្សីស្នេហ៌ប្រវត្តិសាស្ត្រ» ។
អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ករណីដើមពោធិដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះ គឺមិនមែនជាដើមពោធិទុំទាវនោះទេ គឺដើមពោធិអ្នកតាក្រហមក!!!!។
ឯកឧត្តម អភិបាលខេត្ត ក៏សូមអរគុណជាអណេកចំពោះឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយរៀបចំដាំដើមពោធិនេះឡើងវិញ។
រដ្ឋបាលខេត្ត បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តស្នេហ៏ ទុំ និងទាវ “។
បើតាមសេចក្តីបំភ្លឺព័ត៍មាន រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយបានពិនិត្យឃើញថា នៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) មានការ ផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀង ធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្រ្តាក់ផង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៤ និង៣០នាទីរសៀល បានបណ្តាលឱ្យដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំហើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋបាលខេត្ត បានចាត់តាំងមន្ត្រីឱ្យចុះ ទៅពិនិត្យដល់ទីតាំងផ្ទាល់ បានកត់សម្គាល់ឃើញថា ដើមពោធិដែលដួលរលំនោះ មិនមែនជា ដើមពោធិជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ នោះទេ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយ ព័ត៌មានទាំងនោះ។
សូមបញ្ជាក់ជូនថា ដើមពោធិដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ។ ហេតុដូចនេះ ទើបបណ្ដាលឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ប៉ុន្តែទោះបីយ៉ាងនេះ · រដ្ឋបាលខេត្ត សហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិនេះឡើងវិញ ស្រប តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕