រាជធានីភ្នំពេញ ទីក្រុងហូជីមិញ និងរដ្ឋធានីវៀងចន្ទន៍ បើកកិច្ចប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ ដើម្បីយកឈ្នះ លើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ ៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រីភាគី មួយ តាមរយៈ video conference ដើម្បីចែករំលែកបទពិសោធន៍ ពិសេសយកឈ្នះឱ្យបានលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាន នៅទីក្រុងទាំង៣និងនៅលើពិភពលោក។
កិច្ចប្រជុំមានការចូលរួមពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ លោក វ៉ូក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេសទីក្រុងហូជីមិញ, អគ្គកុងស៊ុលកម្ពុជា និងអគ្គកុងស៊ុលឡាវ
ប្រចាំនៅទីក្រុងហូជីមិញ ។
លោកឃួង ស្រេង អភិបាល បានលើកឡើងថា៖ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់ទីក្រុងទាំងបី “ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍” ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវី៥-១៩ ដ៏កាចសាហាវនេះ។ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន ទីក្រុងទាំងបី នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងក្នុងក្របខ័ណ្ឌត្រីភាគី អាស៊ាន និងពិភពលោក។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ-ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយលោកបញ្ជាក់ថា កម្ពុជាបានរកឃើញជំងឺកូវីដ-១៩ដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ២០២០ ជំងឺនេះ មិនបានឆ្លងចូលក្នុងសហគមន៍ឡើយ គឺមានតែការនាំចូលពីក្រៅតិចតួច។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានផ្ទុះរាលដាល ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ នោះគឺ “ព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា ២០២០” និង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០” ដែលយើងបានបិទបញ្ចប់ដោយជោគជ័យ។ ដោយឡែក ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” គឺជាដំណាក់កាលដ៏ស្រួចស្រាលប្រៀបដូចជារលកទី៣ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មី។
ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ផ្តើមចេញដំបូងពីការឆ្លងនៅក្នុងចំណោមអ្នករស់នៅតាមអគារខុនដូរក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានឆ្លងចូលទៅក្នុងក្រុមប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត ។ល។ និងបានឆ្លងបន្តចូលទៅក្នុងតំបន់រោងចក្រ និងផ្សារ ដែលជាហេតុធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ប្រភពចម្លង។
បើគិតពីពេលផ្ទុះការឆ្លងរាលដាល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា យើងបានរកឃើញករណឺវិជ្ជមានចំនួន១៧.៦២១ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកវិជ្ជមានចំនួន ១១.៨៦៦ នាក់ ស្មើនឹង ៦៧% នៃចំនួនអ្នកឆ្លងទូទាំងប្រទេស រួមមានជនជាតិខ្មែរ ១១.៤០១ នាក់ និងជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១ សញ្ជាតិ។
លោកឃួង ស្រេងបន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ គឺយើងអនុវត្ត ការងារចំនួន៣សំខាន់ទី១ វិធានការរដ្ឋបាល ២) វិធានការសុខាភិបាល និង ទី៣វិធានការគាំពារសង្គម។ ចំពោះ វិធានការរដ្ឋបាលយើងបានទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត វិធានការបម្រាមគោចរ វិធានការរឹតត្បិត ចំពោះសកម្មភាពជួបជុំប្រមូលផ្តុំ និងអាជីវកម្មដ្ឋាន វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តការបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ០១ សប្តាហ៍ទៀត ដោយបែងចែកជា ៣តំបន់ គឺតំបន់ក្រហមតំបន់លឿងទុំ និងតំបន់លឿង ។ចំពោះវិធានការគាំពារសង្គមវិញ យើងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង “តំបន់ក្រហម” បានចំនួនជាង ២៨ម៉ឺនគ្រួសារ និងកំពុងផ្តល់ជូនបន្ថែមទៀត។
ក្នុងនោះលោកឃួង ស្រេង បានសំណូមពរថា ក្រោយពេលដែលវិបត្តិនេះត្រូវបានបញ្ចប់ លោកសូម=jយប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ និងលោក អភិបាលរដ្ឋធានីវៀងចន្ទន៍ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅលើគ្រប់វិស័យដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្តារវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ទៅក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពសាធារណៈ ឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាទប់ស្កាត់បញ្ហាសកល ដែលអាចកើតមាននាពេលអនាគត ដូចក្នុងករណីដែលយើង កំពុងប្រឈមមុខសព្វថ្ងៃនេះ៕